(ឧត្ដរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យរាប់រយនាក់ ប្រារព្ធពិធីអបអរសាទរខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។

ក្នុងពិធីដ៏អធិកអធម និងរីករាយនោះ លោក គន់ គីម ដែលជាប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យ បានឡើងអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាទាំងអស់ បានជ្រាបពីខ្លឹមសារ និងស្មារតីរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងសន្ទុរកថារបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យពីអាណានិគមបារាំងក្រោយបង្កើតឡើងនៅឆ្នាំ១៩៥១។ ជាពិសេស គឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងសុន្ទរកថានោះ ក៏បានរំលេចផងដែរពីការប្តេជ្ញាចិត្តរបស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារប្រយោជន៍ជាតិ និងប្រជាជន។ ជាពិសេសការប្រកាន់ជំហដ៏ម៉ឹងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលកម្ពុជាប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយនោះ។

ថ្លែងទៅកាន់អង្គមិទ្ទិញនោះ លោក គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ដែលតែងតែសាមគ្គី ឯកភាពគ្នា គាំទ្រ និងជឿជាក់លេីការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

លោកក៏បានអំពាវនាវឱ្យមន្ត្រី និងសមាជិក សមាជិកាបក្ស ត្រូវសាមគ្គី ឯកភាពគ្នា ចេះជួយកែលម្អគ្នា និងរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការអំពាវនាវរបស់សម្តេចតេជោ ដេីម្បីកម្ពុជាមួយមានសន្តិភាព ឯករាជ្យ និងការអភិវឌ្ឍ៕