Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបចម្ងល់របស់មហាជន ពាក់ព័ន្ធហាងជនជាតិជប៉ុន ដែលរងការខូចខាតដោយអគារបាក់សង្កត់លើ, ជនរងគ្រោះត្រូវដាក់ពាក្យប្ដឹងទៅតុលាការទាមទារសំណង

28-06-2019 12:02

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញមកឆ្លើយតបទៅនឹងចម្ងល់របស់មហាជន និងលើកឡើងជាបន្ដបន្ទាប់ តាមបណ្ដាញសង្គម Facebook ទាក់ទិនទៅនឹងជនជាតិជប៉ុនមួយគ្រួសារ ដែលហាងរបស់ពួកគេបានរងការខូចខាត ដោយអគារបាក់សង្កត់លើ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ការលើកឡើងរបស់មហាជន ចង់ឃើញអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធជួយដោះស្រាយជូនពួកគេ ព្រោះតែទំហំនៃការខូចខាតមិនតិចនោះឡើយ ដែលត្រូវអគារបាក់សង្កត់ពីលើនោះ។ ដើម្បីបញ្ជាក់កាន់តែច្បាស់ និងបញ្ចប់រាល់ចម្ងល់ទាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីទាមទារសំណងនៃការខូចខាតទាំងនេះ។

នៅលើ Facebook សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីយានដ្ឋានអារុណរះ នៅជាប់អគារបាក់រលំនោះ ក៏ត្រូវដាក់ពាក្យប្ដឹងទៅកាន់តុលាការផងដែរ ដើម្បីទាមទារសំណងពីការខូចខាតរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនមួយចំនួននៅលើកឡើងច្រំដែល អំពីជនជាតិជប៉ុនដែលហាងគាត់ត្រូវបំផ្លាញ ដោយអាគាររលំសង្កត់លើ។ ខ្ញុំឆ្លើយតបច្រើនហើយ។ ខ្ញុំគួរតែបញ្ជាក់ជាថ្មីថា ប្រសិនបើគាត់ស្លាប់ ឬរបួសគាត់នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិ គឺត្រូវដោះស្រាយតាមផ្លូវតុលាការ ដែលគាត់ត្រូវដាក់ពាក្យប្តឹងដើម្បីទាមទាសំណង។ សម្រាប់ការដោះស្រាយកន្លែងស្នាក់នៅ ឯ.ឧ យន្ត មីន បានឲ្យស្នាក់នៅស្នាក់ការកាកបាទក្រហម និងបានឧបត្ថម្ភថវិកាមួយចំនួនរួចហើយដែរ។

មិនគ្រាន់ហាងជប៉ុននោះទេ សូម្បីតែបងប្អូនខ្មែរយើងដែលស្លាប់ និងរបួស ដែលបានជំនួយឧបត្ថម្ភរួចហើយ ក៏នៅប្តឹងដើម្បីទាមទារសំណងផងដែរ។ ហាងលាងឡានអារុណរះ ដែលរងការខូចខាតក៏ត្រូវប្តឹងទាមទាសំណងដូចគ្នា»

កាលពីថ្ងៃម្សិលមិញ គ្រួសារជនជាតិជប៉ុន និងជាម្ចាស់ហាងឈ្មោះ «កូកៃ» ដែលរងគ្រោះដោយសារអគារបាក់សង្កត់លើនេះ ត្រូវបានអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ចុះទៅសួរសុខ ទុក្ខផ្ទាល់ និងយកថវិការួមទាំងអំណោយមួយចំនួន ជូនពួកគេសម្រាប់ដោះស្រាយជាបណ្ដោះអាសន្ន លើជាជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរួចផុតពីគ្រោះថ្នាក់នៅពេលអគារបាក់សង្កត់លើហាងរបស់ខ្លួន៕