(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងថា សម្រាប់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា៧.១% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ ជាមួយនឹងសមាជិកសមាជិកាបក្សរាប់ម៉ឺននាក់។
ថ្លែងក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានគួរកត់សម្គាល់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ។ ជាក់ស្តែងរយៈពេល៤ខែ ដើមឆ្នាំ គម្រោងវិនិយោគ១១៥គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារត្រូវបានអនុម័តធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មាន៨១គម្រោង និងទុនវិនិយោគប្រមាណ៨៦៣លានដុល្លារអាមេរិក។
ចំពោះការនាំចេញផលិតផលកាត់ដេរនៅតែមានកំណើនខ្ពស់, ការនាំចេញអង្ករសម្រេចបានជាង២១ម៉ឺនតោនធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨កើនឡើង ៨,៣%, វិស័យសំណង់ និងអចលនទ្រព្យក៏នៅតែបន្តកំណើនខ្ពស់ជាមួយគ្នានេះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង២.៤លាននាក់កើនឡើង១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
សម្តេចបានថ្លែងទៀតថា «ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយសម្រេចបានកំណើនជាមធ្យម ក្នុងអត្រាជាង៧%ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍អចលនទ្រព្យ គមនាគមន៍ និងដឹកជញ្ជូន»។
កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះ ធ្វើកម្ពុជាបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ។ ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ដោយសម្រេចបានកំណើន៧.៥% ធៀបនឹងការគ្រោងទុក៧.១% ពីដើមឆ្នាំ ដោយសារតែស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនវិនិយោគឯកជន កំណើនតម្រូវការប្រើប្រាស់ កំណើននៃការនាំចេញ និងកំណើនភ្ញៀវទេសចរជដើម។
សម្តេចបានថ្លែងផងដែរថា ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនោះ កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបណ្ដាវិធានការកែទម្រង់ដ៏មុតស្រួចស្រប តាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់»។
វិធានការទាំងនោះមានជាអាទិ៍ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការបន្ថយថ្លៃអគ្គិសនី, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការពង្រឹងក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ, ការបន្តការកែទម្រង់ស្ថាប័ន ដើម្បីឲ្យកម្ពុជាធានាបាននូវឯករាជ្យភាព ផ្នែកសេដ្ឋកិច្ចក្នុងឋានៈជាប្រទេសមានអធិបតេយ្យពេញលេញ ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លាជាពិសេសសំដៅនាំកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យ នៃការអភិវឌ្ឍវែងឆ្ងាយ គឺប្រែក្លាយខ្លួនពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ចដូចខាងលើ បានធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាលំដាប់ ចំណូលមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានកំណើនជាងប្រាំដង បើប្រៀបធៀបពីឆ្នាំ២០០០ ដល់២០១៨ ឯអត្រានៃភាពក្រីក្របានថយចុះពី៥៣.២% នៅឆ្នាំ២០០៤មកក្នុងរង្វង់១០%នាបច្ចុប្បន្ន»។
សូមជម្រាបថា ទាំងរាជរដ្ឋាភិបាលកម្ពុជា និងទាំងស្ថាប័នអន្តរជាតិ សុទ្ធតែមើលឃើញដូចគ្នា នូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នៅឆ្នាំ២០១៩នេះ ជាក់ស្តែងធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានជិត៧ភាគរយ។ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុពិភពលោក (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកើនឡើងប្រមាណ៧%៕