(ស្វាយរៀង)៖ ប្រជាពលរដ្ឋ៦គ្រួសារ តំណាងឲ្យ ៣៦គ្រួសារ ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនអស់រយៈពេល ២យប់៣ថ្ងៃ ក្នុងរឿងវិវាទ ដីផ្លូវដែលប្រជាពលរដ្ឋចោទប្រកាន់ អនុប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តស្វាយរៀងម្នាក់ រំលោភយកផ្លូវសាធារណៈ ទៅធ្វើជាកម្មសិទ្ធិ និងដាំដើមឈើធ្វើរបងបិទផ្លូវសាធារណៈ ដែលពួកគាត់ប្រើប្រាស់ធ្វើដំណើរតាំងពីឆ្នាំ ១៩៧៩រហូតមកម្ល៉េះ។
ចំពោះករណីរឿងនេះដែរស្រ្តីម្នាក់ឈ្មោះប៉ិចចិន្តា អាយុ ៥១ឆ្នាំ បានឲ្យដឹងថា តាមពិតជារឿងទម្នាស់ដីផ្លូវសាធារណៈ រវាងប្រជាពលរដ្ឋចំនួន ៣៦គ្រួសារនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ជាមួយលោក សុខ សុផល ជាប្រធានការិយាល័យដឹកជញ្ជួនក្រុងបាវិតត ដែលមានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទៅចាក់ដីរំលោភយកផ្លូវសាធារណៈ របស់ប្រជាពលរដ្ឋ ៣៦គ្រួសារ ធ្វើដំណើរតាំងពីឆ្នាំ១៩៧៩ រហូតមក ទៅធ្វើជាកម្មសិទ្ធិ ហើយបានដាំដើមឈើធ្វើរបងបិទផ្លូវរបស់ពួកគាត់ បណ្តាលឲ្យបាត់បង់ផ្លូវធ្វើដំណើរ ទើបប្រជាពលរដ្ឋ កាប់ដើមឈើដែលដាំបិទផ្លូវចោល ដើម្បីយកផ្លូវមកប្រើប្រាស់វិញ ក៏ត្រូវលោកអនុប្រធានមន្ទីររូបនោះ ប្តឹងចាប់ប្រជាពលរដ្ឋតែម្តង។
បើតាមតំណាងជនរងគ្រោះទាំង៦នាក់ នៅអំឡុងឆ្នាំ២០០៧-២០០៨ ឈ្មោះ សុខ សុផល បានមកទិញដីស្រែមួយកន្លែង នៅជាប់ប្រឡាយនៅក្នុងភូមិស្វាយជ្រំ ក្រោយមកបានចាក់ដីលើកជាភូមិម្ករ សម្រាប់ដាំដំណាំ កាលណោះគាត់បានចាក់ដីរំលោភយកផ្លូវសាធារណៈទំហំ ៣ម៉ែត្រ (ជាភ្លឺភ្លោះសម័យប៉ុលពត) បណ្តោយ ៨០ម៉ែត្រ ដែលប្រជាពលរដ្ឋចំនួន៣៦គ្រួសារ ធ្វើជាផ្លូវលំធ្វើដំណើរចេញពីភូមិមកផ្លូវប្រឡាយ ឡើងមកផ្លូវជាតិតាំងពីឆ្នាំ១៩៧៩រហូតមក។ លោក សុខ សុផល បានដាំដើមប្រេងខ្យល់បិទផ្លូវ និងដាំដើមអាកាស្យា និងដើមស្វាយលើដីផ្លូវនោះទៀត ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្លូវធ្វើដំណើរ។
ប្រជាពលរដ្ឋបានប្តឹងទៅលោកមេភូមិស្វាយជ្រំ ឲ្យដោះស្រាយតែមិនចេញ រួចក៏ប្តឹងទៅលោកមេឃុំស្វាយជ្រំ ក៏នៅដោះស្រាយមិនចេញទៀត គឺទម្នាស់រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ២០០៩ រហូតបច្ចុប្បន្ន ឆ្នាំ២០១៩ រយៈ១០ឆ្នាំមកហើយ។ នៅឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានរៃអង្គាសប្រាក់លើកផ្លូវលំមួយខ្សែនេះប្រវែង ៨០០ម៉ែត្រ មកដល់ចំណុចទម្នាស់ ហើយបានទៅចរចាជាមួយប្រពន្ធលោក សុខ សុផល ដើម្បីបើកផ្លូវវិញ ប៉ុន្តែលោកបានតបថា លើកថ្នល់ឲ្យមកដល់ដីគាត់ទៅ ចាំគាត់បើកផ្លូវឲ្យវិញ ក៏ប៉ុន្តែពេលប្រជាពលរដ្ឋលើកផ្លូវមកដល់ហើយបែរជាក្រឡាស់សំដីថា មិនឲ្យវិញ ទើបនៅថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនាំគ្នាតវ៉ា និង កាប់កូនដើមប្រេងខ្យល់ដាំបិទផ្លូវអស់៧ដើម អាកាស្យា៣ដើម និងដើមស្វាយដាំលើផ្លូវ២ដើម ដើម្បីបើកផ្លូវឡើងវិញ។
លុះដល់ថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រំ បានមកចាប់ប្រជាពលដ្ឋចំនួន ៦នាក់ យកទៅប៉ុស្តិ៍ដែលលោក សុខ សុផល ដាក់ពាក្យប្ដឹងទាមទារ ឲ្យសងការខូចខាត ជាទឹកប្រាក់ ៤លានរៀល ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ ក៏បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត រហូតឃុំខ្លួនពួកគាត់ ២យប់ ៣ថ្ងៃ ដើម្បីធ្វើការដោះស្រាយឈ្មោះ សុខ សុផល ទារសំណងចុះត្រឹម ២លាន ៥សែនរៀល ចំណែកនគរបាល បានទារប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់ ៤០០ដុល្លារ សរុប៦នាក់ស្មើ២,៤០០ដុល្លារ ដើម្បីរត់ការបញ្ចប់រឿងបណ្តឹងអាជ្ញាធរ។ ប្រជាពលរដ្ឋ បានប្រាប់ថា ពួកគាត់ជាកម្មករក្រីក្រគ្មានប្រាក់ទេ បើ៤០០ដុល្លារ ទាំងអស់គ្នាគាត់និងទៅរៃគ្នាឲ្យ។
ដោយការការចរចាមិនត្រូវ ស្រាប់តែនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បញ្ជូនពួកគាត់ទៅតុលាការ ក៏ត្រូវព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ » រួចបញ្ជូនទៅលោកចៅក្រមស៊ើបសួរចាត់ការបន្ត។
តាមព័ត៌មាន លោកចៅក្រម បានសួរម្នាក់ម្តងៗ ហើយបានឲ្យប្រជាពលរដ្ឋទាំង៦នាក់ បង់ប្រាក់តម្កល់ចំនួន ៤លានរៀល ក៏ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ទេ។ ក្រោយមកធ្លាយរឿងនេះដល់ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គមខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត ធ្វើអន្តរាគមន៍ទើបលោកចៅក្រមឲ្យប្រជាពលរដ្ឋ៦នាក់ បង់ប្រាក់តម្កល់នៅក្រៅឃុំ ក្នុងម្នាក់២សែនរៀលទាំង ៦នាក់សរុប១,២០០,០០០រៀល រហូតដល់ម៉ោង៩៖១០នាទីយប់ ទើបប្រជាពលរដ្ឋបានមានសេរីភាពត្រឡប់ទៅផ្ទះវិញ។
ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធ អភិបាលស្តីទីស្រុកស្វាយជ្រំ បានឲ្យដឹងថា កាពិតលោក សុខ សុផល បានរំលោភយកដីផ្លូវរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយសុរិយោដី បានចុះបញ្ជីដីជាលក្ខណៈប្រពន្ធ័រួចហើយ គឺផ្លូវលំនេះទំហំ០៣ម៉ែត្រ ដូច្នេះឈ្មោះ សុខ សុផល បានចាក់ដីបិតផ្លូវប្រជាពលរដ្ឋពិតប្រាកដមែន ហើយនៅថ្ងៃទី២៨ លោកនឹង កោះហៅភាគី លោក សុខ សុផល ឲ្យមកបើកផ្លូវឲ្យប្រជាពលរដ្ឋវិញ ចំពោះរឿងតុលាការលោកមិនលូកដៃទេ។
ភ្នាក់ងារព័ត៌មាន Fresh News មិនមិនអាចសុំការបំភ្លឺពីលោក សុខ សុផល បានទេនៅថ្ងៃទី២៨ ខែមិថុនា នេះ៕