Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនឈើចម្រុះ ៥៥០០ដើម ត្រូវបានអាជ្ញាធរខេត្តដាំ ប្រគេនជូនដល់វត្តចំនួន៥ និងចែកជូនសាលាវិទ្យាល័យអនុវិទ្យាល័យ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

28-06-2019 11:24

(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ការបំពុលខ្យល់» នៅសាលាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ទៀ សីហា បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្នុងគោលបំណងពញ្ញាក់ស្មារតីមនុស្សគ្រប់ៗរូប ឲ្យមានការគិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមានមកលើសង្គមមនុស្ស និងជួយដាស់តឿនដល់សហគមន៍ជាតិ យើងទាំងអស់ឲ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូបគ្រួសារនីមួយៗ និងសេដ្ឋកិច្ច សង្គមជាតិយើងទាំងមូល។ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការទទួលយកពីធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់ការបង្កបង្កើនផល និងមានសមធម៌ក្នុងការបែងចែកភោគផលពីធម្មជាតិ។ មនុស្សម្នាក់ៗ មានសិទ្ធិចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិរក្សជីវចម្រុះ និងកិច្ចគាំពារបរិស្ថានជាភារកិច្ចយើងទាំងអស់គ្នា។

លោកក៏បានលើកផងដែរថា ធនធានធម្មជាតិ ភាគច្រើនមានកម្រិត ដូច្នេះបើយើងទាញផលពីបរិស្ថានធម្មជាតិច្រើនពេក ក៏វានឹងអស់នៅថ្ងៃណាមួយ ម៉្យាងទៀតការបញ្ចេញសំណល់ច្រើនហួស ទៅក្នុងបរិស្ថានក៏ជះឥទ្ធិពលអវិជ្ជមានផងដែរ។ ដូច្នេះការគ្រប់គ្រងសំណល់រឹង សំរាម សំណល់រាវតាមបណ្តាក្រុង/ស្រុក នៅពុំទាន់បានល្អប្រសើរ ដែលជាបញ្ហាបន្ទាន់មួយ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។

លោកក៏បានលើកនូវភាពជាក់ស្តែងមួយស្តីពី ការចោលសំរាម តាមប្រព័ន្ធលូទឹកស្អុយ ផ្លូវថ្នល់ទីសាធារណៈនិងការដឹកសំរាមទៅចាក់ចោលពុំចំគោលដៅកំណត់ ធ្វើឲ្យទីប្រជុំជនបាត់សោភ័ណភាព ប៉ះពាល់ដល់មោទនភាពរបស់ខេត្តយើង ដែលជាខេត្តទេសចរណ៍ និងមានកិត្តិសព្ទល្បីរន្ទឺទៀតផង។ ម្យ៉ាងទៀត ការបង្ហូរទឹកស្អុយសំណល់រាវតាមលំនៅដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្មនានា ដោយគ្មានអាងចម្រោះ ក៏ធ្វើឲ្យមានការបំពុលទឹកផងដែរ។ អំពីអត្ថប្រយោជន៍នៃដើមឈើ គឺបានផ្តល់ជាប្រភពទឹក ទីម្រកដល់មនុស្សសត្វរស់នៅ និងបង្កើតឲ្យមានខ្យល់បរិសុទ្ធទៀតផង។

លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះភ្នំគូលែន ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ក៏បានត្រូវរងគ្រោះដោយបាត់បង់ធនធានធម្មជាតិ ដែល បង្កឡើងដោយអំពើមនុស្ស ហើយភ្នំគូលែនជាទីប្រភពទឹក ដែលផ្តល់មកស្ទឹងប្រវត្តិសាស្ត្រសៀមរាប ។ ដោយកត្តានៃអំពើទាំងនេះ ហើយដែលធ្វើឲ្យសោភណ្ឌភាពនៃស្ទឹងប្រវត្តិសាស្ត្រ ទទួលរងគ្រោះ ហើយតំបន់មួយចំនួនក៏មានការខ្វះខាតទឹកទៀតផង ។

ម៉្យាងទៀតបឹងទន្លេសាប ក៏បានទទួលរងគ្រោះផងដែរ ដែលធ្វើឲ្យជីវៈចម្រុះមួយចំនួនត្រូវបានបាត់បង់។ ទាំងនេះក៏កើតឡើងពីអំពើនៃមនុស្សដែលបង្កឲ្យមានគ្រោះមហន្តរាយទាំងនេះ ដោយការបាត់បង់ព្រៃលិចទឹក និងការកាប់ទន្ទ្រានព្រៃលិចទឹកយកដីធ្វើស្រែ និង ការបោះចោលសម្រាមឲ្យហូរចូលទៅបឹងទន្លេសាប ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានមច្ឆាជាតិទៀតផង។

សូមបញ្ជាក់ថា កូនឈើទាំងនេះបានការឧបត្ថម្ភពីអាជ្ញាធរជាតិអប្សរា រួមមាន៖ កូនឈើបេង គគីរ ឈើទាល ក្រញូង ធ្នុង នាងនួន រំដួល ក្រងោក និងកូនដើមភ្ញៀវសរុបចំនួន ៥៥០០ដើម ត្រូវបានអាជ្ញាខេត្តដាំនិងធ្វើការប្រគេន និងចែកជូនដល់វត្តចំនួន៥ និងចែកជូនសាលាវិទ្យាល័យអនុវិទ្យាល័យក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕