(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានយកទៅប្រគល់ជូនគ្រូបង្រៀនម្នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារា អភិបាលស្រុកឆែប និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។
លោក សុខ សាន្តតារា បានសំដែងការសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យ ដែលបណ្តាលឲ្យឆេះផ្ទះនេះ។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំឲ្យជនរងគ្រោះកុំមានការអស់សង្ឃឹមអី ក្នុងនាមអាជ្ញាធរដែនដីស្រុក និងក្រុមការងារសន្យានឹងជួយធ្វើផ្ទះជូនឡើងវិញក្នុងពេលឆាប់ៗនេះ។
លោក សុខ សាន្តតារា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងយកចិត្តទុកដាក់គិតគូរជានិច្ចដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដោយមិនមានការរើសអើងឡើយពីនិន្នាការនយោបាយ ឬជាតិសាសន៍ពណ៌សម្បុរ។ អំណោយដែលយកប្រគល់ជូននៅពេលនេះ រួមមាន៖ ថវិកា ២លានរៀល និងសម្ភារជាច្រើនទៀត។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អគ្គិភយ័មួយបានកើតឡើងបណ្តាលឲ្យផ្ទះមួយខ្នងមានទំហ៊ំ៧ម៉ែត្រ គុណ ៩ម៉ែត្រ រងការខូចខាតទាំងស្រុង ដែលមានជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ទូច ផល្លា មុខរបរគ្រូបង្រៀន រស់នៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕