(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងថា ការប្រកួតជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៣នេះ ជាព្រឹត្តិការណ៍ថ្មីមួយទៀត ដើម្បីបង្ហាញមុខមាត់ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្រោមដំបូលសន្តិភាព ដែលកម្ពុជាទទួលបានដោយ លំបាកលំបិនជាទីបំផុត ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកម្មវិធី ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ដែលមានសមាជិកមកពី១០ប្រទេស ចូលរួមក្នុងប្រកួតប្រជែងគ្នានៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋាន «មរតកតេជោ» ទល់មុខវិមានឈ្នះឈ្នះ។
ពិធីនេះក៏មានការចូលរួមពី លោកប្រធានសហពន្ធ័កីឡាហែលទឹកអាស៊ីអាគ្នេយ៍ ប្រតិភូដឹកនាំក្រុមកីឡាហែលទឹក គ្រូបង្វឹក អាណាព្យាបាល បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងក្មួយៗ កីឡាករ កីឡាការិនីហែលទឹកជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសហព័ន្ធខ្មែរកីឡាហែលទឹក ពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ចំពោះប្រតិភូដឹកនាំក្រុមកីឡាហែលទឹក និងក្មួយៗ កីឡាករ -កីឡាការិនីទាំងអស់។ កិច្ចការទាក់ទងនឹងការរៀបចំការប្រកួតនាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា ក៏ដូចជាដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍព្រមទាំងដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញទៅមកផងដែរ។
លោកបន្ថែមទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាប្រវត្តិសាស្ត្រលើកទី១ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតមានលក្ខណៈអន្តរជាតិបែបនេះ បន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ១៩៦៦ ដែលពេលនោះកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ កីឡា Games Ganefo អាស៊ីលើកទី១។ យើងសង្ឃឹមថា សហព័ន្ធនឹងអាចរៀនសូត្របានច្រើន ពីការរៀបចំនេះផងដែរ។
លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតជ្រើសរើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នាឆ្នាំនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដើម្បីបង្ហាញមុខមាត់ និងការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។
សូមបញ្ជាក់ដែរថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ដែលមានសមាជិកមកពី១០ប្រទេស ចូលរួមក្នុងប្រកួតប្រជែងគ្នានៅលើទឹកដីកម្ពុជាមានដូចជា៖ ប្រទេសហ្វីលីពីន, សឹង្ហបុរី, ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ព្រុយណេ, មីយ៉ាន់ម៉ា, ឡាវ, និងកម្ពុជា ដែលមានប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុប៤០៨នាក់ ក្នុងនោះកីឡាករសរុបមាន ១៦៨នាក់ កីឡាការិនីសរុប ១៤៩នាក់ គ្រូបង្វឹក ៧៨នាក់ និងអាណាព្យាបាល១៣នាក់ផងដែរ៕