(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាគ្នារវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយលោក Eldeen Husainni Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ការចែករំលែកព័ត៌មាន និងការងារបណ្តុះបណ្តាលធនធានមនុស្ស។
ជំនួបរវាងមេទ័ពជើងគោកម្ពុជា-ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ ដែលប្រព្រឹត្តធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ហើយជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃកងទ័ព នៃប្រទេសទាំងពីរ។
លោក Eldeen Husainni Mohd Hashim បានលើកឡើងថា ការសម្តែងការគួរសមនេះ គឺជាការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសទិសដៅ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពជើងគោកម៉ាឡេស៊ី សំដៅថែរក្សាសន្តិសុខតំបន់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបនៅថ្ងៃនេះ បានផ្លាស់ប្តួរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាការងារប្រឆាំងភេរវកម្ម ការរីករាលដាលនៃមនោគមវិជ្ជាជ្រុលនិយម៕