Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើសន្និសីទសារព័ត៌មាន ករណីរឿងដីធ្លីនៅកោះរ៉ុង ក្រោយចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមន្រ្តីមូលដ្ឋាន៥រូប

28-06-2019 11:00

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីករណីដីធ្លី នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោយមានការចាប់ និងឃុំខ្លួនឧកញ៉ា សុខ ប៊ុន ជាមួយមន្ដ្រី ៥នាក់ទៀត ពាក់ព័ន្ធករណីក្លែងឯកសារ នៅតំបន់នេះ។

គួរជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់រួចរាល់។

ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់នោះ រួមមាន ទី១៖ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី២៖ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៣៖ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ទី៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងទី៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប។

តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ អ៊ុង និត ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែងប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។ ដោយឡែកឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡៈ, ឈ្មោះ កែវ សោម, ឈ្មោះ កែវ ពៅ ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។

រីឯឧកញ៉ា សុខ ប៊ុន ពីបទ «ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថា ឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រីអាជ្ញាធរ ៥នាក់ទៀត នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩៕