(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានចុះហត្ថលេខាលើអនុស្សារណយោគយល់ ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេស នៃទីក្រុងទូលូ (L'Institut National Polytechnique de Toulouse- INP Toulouse) ជាគ្រឹះស្ថានឧត្តមសិក្សាដ៏ធំ និងល្បីមួយនៅប្រទេសបារាំង ក្នុងការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានការចូលរួមពីលោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និង លោកសាស្រ្តាចារ្យ Pascal Maussion អនុប្រធានវិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៃទីក្រុងទូលូ ។
អនុស្សារណនេះ នឹងអនុញ្ញាតិអោយវិទ្យាស្ថានជាតិទាំងពីរ សហការគ្នាលើសកម្មភាព និងកម្មវិធីមួយចំនួនដូចជា៖
១៖ ការចែករំលែកការប្រើប្រាស់ឧបករណ៍ សម្ភារបច្ចេកទេសបំរើអោយការអប់រំ បណ្តុះបណ្តាល និងការស្រាវជ្រាវ
២៖ ការទទួលយកទៅវិញទៅមកនូវនិស្សិតកម្មសិក្សា អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ ក៏ដូចជាជំនួយការបច្ចេកទេស
៣៖ ការចូលរួមក្នុងគម្រោងស្រាវជ្រាវ និងសិក្ខាសាលាបច្ចេកវិទ្យារួមគ្នា
៤៖ ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់ថ្នាក់ក្រោយឧត្តម។
នាឱកាសនោះ លោកបណ្ឌិត សេង សុភាព បានឲ្យដឹងថា «អនុស្សារណនេះពិតជាមានសារសំខាន់ណាស់ ព្រោះវាជាការបើកផ្លូវអោយនិស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានជាតិ NIPTICT ទទួលបាននូវពុទ្ធិ និង បទពិសោធន៍ថ្មីៗបន្ថែមទៀតពីអរិយប្រទេស ដែលមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត»។
សូមរំលឹកផងដែរថា វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិ NIPTICT ផ្តល់ការបណ្ដោះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industry 4.0)។ វិទ្យាស្ថានជាតិ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ផងដែរ៕