(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យា VMware និង Campura បានសហការគ្នាចែករំលែកនូវចំណេះដឹង និងបទពិសោធន៏បច្ចេកវិទ្យាថ្មីៗ ខណៈដែលជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះ ហាក់កំពុងមានសន្ទុះកើនឡើង យ៉ាងខ្លាំងគួរឲ្យកត់សំគាល់។
ការចែករំលែកចំណេះដឹងបច្ចេកវិទ្យាថ្មីៗនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៏ «The Journey to Hybrid Cloud» ដោយមានការចូលរួមពីអតិថិជន ដែលមកពីបណ្តាស្ថាប័ននានារួមមាន៖ ធានាគារ, គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនគណនេយ្យ និងក្រុមហ៊ុនផ្សេងៗទៀត។
លោក ដោក កុសល Chief Technical Officer (CTO) របស់ក្រុមហ៊ុន Campura បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ខាងលើនេះ គឺដោយមើលឃើញ នូវសន្ទុះកើនឡើងយ៉ាងខ្លាំងនៃជំនាញផ្នែកព័ត៌មានវិទ្យា ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន ដូច្នេះយើងក៏រួមគ្នាបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗរបស់ផលិតផល VMware ជូនទៅដល់អតិថិជនឲ្យបានយល់ដឹងកាន់តែច្បាស់ ក៏ដូចជាចូលរួមចែករំលែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
ចំណែក លោក ឡេង បូរ៉ាមី នាយកគ្រប់គ្រងផ្នែក Pre-Sales, Enterprise Division តំណាងឲ្យក្រុមហ៊ុន Campura បានធ្វើការបង្ហាញយ៉ាងក្បោះក្បាយ អំពីអត្ថប្រយោជន៍របស់ផលិតផល VMware vSAN ហើយលោកក៏បានបង្ហាញពីរបៀបនៃការប្រើប្រាស់ ដើម្បីទាញយកប្រយោជន៍ពីផលិតផលទាំងនោះសំរាប់មុខជំនួញ ដើម្បីទទួលបាននូវភាពជោគជ័យ នៅលើទីផ្សារ នាពេលបច្ចុប្បន្នរបស់អតិថិជន។
ជាមួយគ្នានោះដែរ លោក ជន ភក្ដី Systems Engineer (Cambodia & Laos) របស់ក្រុមហ៊ុន VMware ក៏បានលើកទ្បើងបន្ថែមនូវផលិតផលរបស់ VMware Multi-Cloud ដែលតែងតែផ្តល់នូវបចេ្ចកវិទ្យាថ្មីៗ និងឈានមុខគេបំផុតនៅលើទីផ្សារ ហើយផលិតផលនេះ ក៏ជួយសម្រួលក្នុងស្ថាប័នរបស់អតិថិជន និង ផ្តល់ឲ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពជោគជ័យ។
លោកក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលបានអព្ជើាញចូលរួមជាកិត្តិយស នៅក្នុងកម្មវិធីនេះ ដែលអតិថិជន និងទទួលបាននូវចំណេះដឹង ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន VMware ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មឲ្យកាន់តែរីកចំរើន៕