(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំលិខិតអនុញ្ញាតគយ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិ និងមុខងារទទួលប្រើប្រាស់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញទម្រង់ D ក្នុងទម្រង់អេឡិកត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបានចេញប្រកាសថ្មីមួយ ស្តីពីការដាក់ឲ្យអនុវត្តជំហានដំបូង ប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងគោលបំណងលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម។

ប្រកាសថ្មីនេះ មានវិសាលភាពអនុវត្ត ចំពោះការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពាក់ព័ន្ធនិងករណីដូចខាងក្រោម៖

* ទំនិញហាមឃាត់ និងជាប់កម្រិតកំណត់
* ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
* ទំនិញស្ថិតក្នុងកាតព្វកិច្ចនៃការអនុវត្តអនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត
* ផលិតផលតេលសិលា និងទំនិញនៃអគារលក់ទំនិញរួចពន្ធ
* ទំនិញទទួលបានការលើកលែងពន្ធអាកររបស់ក្រសួង-ស្ថាប័ន បេសកកម្មការទូត បេសកកម្មកុងស៊ុលបរទេស និងអង្គការជាតិ-អន្តរជាតិ
* ទំនិញទទួលការលើកលែងពន្ធអាករផ្សេងទៀត តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕