(ភ្នំពេញ)៖ ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ដែលមានសមាជិកមកពី១០ប្រទេសចូលរួម បានចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលមានកីឡាករ កីឡាការិនីហែលទឹក ៤០៦នាក់មកពីប្រទេសសមាជិកអាស៊ានទាំង១០ ប្រកួតប្រជែងគ្នានៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋាន «មរតកតេជោ» ទល់មុខវិមានឈ្នះឈ្នះ។
ព្រឹត្តិការណ៍បើកការប្រកួតកីឡាការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងមនការចូលរួមពីបណ្តាថ្នាក់ដឹកនាំសិស្ស និស្សិត រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» នេះ កីឡាករ កីឡាការិនីខ្មែរចូលរួមចំនួន២០រូប និងមកពីប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀតចំនួន៣៨៦រូប។
ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» នេះ អនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនា ដោយឥតគិតថ្លៃ។
សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរជាតិកម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ និងមួយវិញទៀតចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីហែលទឹករបស់កម្ពុជាផងដែរ៕