(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យល្បីរបស់អាមេរិកនៅកម្ពុជា (KW-កម្ពុជា) បង្ហាញពីសក្ដានុពលខ្ពស់ ក្នុងការឆ្ពោះទៅរកការពង្រីកសាខារបស់ខ្លួន នៅតាមបណ្ដាខេត្តផ្សេងៗ ខណៈបច្ចុប្បន្នេះ KW-កម្ពុជាមានសាខាចំនួន៤ នៅក្នុងទីក្រុងភ្នំពេញ។
ការបង្ហាញរបស់ម្ចាស់អាចលនទ្រព្យរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីចុះអនុស្សរណៈយោគយោលគ្នា (MoU) ស្ដីពី ការប្រគល់សិទ្ធិពិសេសរបស់ KW-កម្ពុជា ទៅសាខាខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
លោកបណ្ឌិត គីម ហ៊ាង បានបង្ហាញភាពជឿជាក់ថា KW-កម្ពុជា នឹងពង្រីកសាខានៅបណ្ដាខេត្ត លើកដំបូងរបស់ខ្លួនដោយក្នុងចំណោមខេត្ត២ នឹងត្រូវជ្រើសរើសយកមួយគឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោកឲ្យដឹងទៀតថា ការជ្រើសរើសខេត្តទាំង២ ជាគោលដៅចំបងរបស់ KW-ម្ពុជា ព្រោះសំលឹងឃើញថា ខេត្តទាំង២នេះជាខេត្តដែលកំពុងមាន សក្ដានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដូច្នេះKW-កម្ពុជា គួរតែមានវត្តមានក្នុងចំណោមខេត្តទាំង២នេះ។ លោកបន្ដថា «ខ្ញុំរំពឹងថាចុងឆ្នាំ២០១៩ ឬឆ្នាំ២០២០ យើងនឹងមានសាខាក្នុងទីក្រុងភ្នំពេញចំនួន៤ និងក្នុងខេត្តចំនួន១»។
លោកបណ្ឌិតបញ្ជាក់ថា «ជាការពិតក្នុងខេត្តកោះកុង, កំពង់សោមកំពុងតែឡើងថ្លៃខ្លាំង ហេតុអ្វីបានជា KW-កម្ពុជា មិនទៅខេត្តទាំងនេះ ប៉ុន្ដែបែរជាចាប់អារម្មណ៍ខេត្តសៀមរាប និងបាត់ដំបងទៅវិញ។ មែនទែនទៅ KW ជាប្រភេទអាជីវកម្មមួយ ដែលត្រូវការពេលវេលាយូរអង្វែង ដូចដាំដើមត្នោតអញ្ចឹង និងទទួលបានផលចំណេញច្រើន»។
លោក សំ សុខនឿន នាយកប្រតិបត្តិ KW-កម្ពុជាប្រចាំខណ្ឌសែនសុខឲ្យដឹងថា «មូលហេតុដែលខ្ញុំសម្រេចចិត្តទិញសិទ្ធិអាជីវកម្មផ្ដាច់មុខ KW-កម្ពុជាប្រចាំខណ្ឌសែនសុខនេះ ព្រោះ ខ្ញុំសម្លឹងឃើញស្ថានភាពនយោបាយនៅកម្ពុជា មានភាពល្អប្រសើរ, សេដ្ឋកិច្ចមានការរីកចម្រើន និងមានភាពនឹងធឹង ហើយវិស័យអចលនទ្រព្យវិញ នៅតែបន្ដភាពរឹងមាំ ដោយមិនមានបញ្ហារាំងស្ទះនោះឡើយ។ កត្តាសំខាន់មួយទៀតក្រុមហ៊ុន KW ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំលើសាកលលោក ដោយមានសមាជិកជាច្រើនថែមទៀត»។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី៤ក្នុងតំបន់អាស៊ាន ដែលក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Keller Williams Realty បានចូលមកធ្វើប្រតិបត្តិការទីផ្សារ បន្ទាប់ពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន៕
">