(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមនឹងក្រុមការងារស្ត្រី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បាននាំយកទៀនព្រះវស្សា, គ្រឿងបរិក្ខា និងបច្ច័យទៅវេប្រគេនព្រះវស្សា ដែលនឹងចូលមកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
លោកស្រីបានឲ្យដឹងថា មនុស្សគ្រប់រូបៗត្រូវការជាចាំបាច់នូវសេចក្ដីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមិនអាចអត់សេចក្ដីសុខមួយណាបានឡើយ។ លោកស្រីបន្ដថា ការស្វែងរកសេចក្ដីសុខសម្រាប់មនុស្សម្នាក់ៗ មានការលំបាកណាស់ ប្រសិនយើងមិនមានការជឿជាក់ និងមានសេចក្ដីស្ងប់ក្នុងចិត្ត និងស្គាល់ពីតម្លៃពិតនៃសេចក្ដីសុខទេ ក៏មិនទទួលបានសេចក្ដីសុខមកដាក់ខ្លួនបានដែរ។
លោកស្រីបន្ដថា យ៉ាងណាមិញក្នុងសង្គមគ្រួសារ បើមិនសន្សំ និងព្យាយាមប្រឹងប្រែងស្វែងរកដោយខ្លួនទេ គ្រួរសារក៏មិនអាចទទួលបានសេចក្ដីសុខ និងមានសុភមង្គលដែរ។ ដូចនេះម្នាក់ៗត្រូវធ្វើអំពើជាកុសល និងស្គាល់គុណទោសកុំលុះតាមឧបាយផ្សេងៗ ដែលបំផ្លាញនូវសេចក្ដីសុខ ដែលបានខិតខំសន្សំនោះជាដាច់ខាត។
លោកបញ្ជាក់ថា អ្វីដែលត្រូវការទៀតនោះគឺ សុខសន្តិភាពដែលប្រទេសជាតិទទួលបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពី នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន សព្វថ្ងៃនេះមានតម្លៃធំធេងណាស់ ដែលបង្កឱកាសគ្រប់បែបយ៉ាង សម្រាប់ការរស់នៅការរកទទួលទានចិញ្ចឹមជីវិត គឺសុទ្ធតែនាំឲ្យមានសេចក្ដីសុខផ្លូវចិត្ត ព្រោះរយៈនេះបានបង្កឲ្យយើងបានធ្វើបុណ្យទានតាមការ ប៉ងប្រាថ្នាសម្រាប់ក្នុងផ្លូវលោក និងក្នុងផ្លូវព្រះពុទ្ធសាសនា។
លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានលើកឡើងថា ដោយមើលឃើញពីតម្លៃ និងតួនាទីរបស់វិស័យ ព្រះពុទ្ធសាសនានេះ រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរជាង៩៥% ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ម្យ៉ាងទៀតកាលណាវិស័យ អាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើនដូចគ្នាដែរ។ ដូចនេះត្រូវចូលរួមថែរក្សាការពារសាសនា និងសុខសន្តិភាពដែលកម្ពុជាមានដ៏លំបាកនេះ ឲ្យបានគង់វង្សជានិច្ចនិរន្តទុកឲ្យកូនចៅជំនាន់ក្រោយៗ បន្តបន្ទាប់ទៀតបានគោរពប្រតិបត្តិ។
សូមបញ្ជាក់ថា ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បរិក្ខា និងបច្ច័យដែលបានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសសម្រាប់វត្តទាំង៤៥ ក្នុងស្រុកសន្ទុកនាពេលនោះក្នុងមួយវត្តៗ ទទួលបាន ទៀនព្រះវស្សា១គូ, អង្ករ, មី, ត្រីខ, ទឹកដោះគោ, ទឹកសុទ្ធ, ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ អំបិល, ប៊ីចេង, តែ, កាហ្វេ និងបច្ច័យមួយចំនួន។ ក្នុងនោះក៏បានផ្ដល់ទានជាថវិកាក្រណាត់សជូន ដល់លោកតាអាចារ្យតាវត្ត និងជូនថវិកាសម្រាប់ដឹកជញ្ជូនផងដែរ៕