(ព្រះសីហនុ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ លោក តាក់ គឹមសៀ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបាន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនជាតិចិន៣នាក់ ដែលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកបើកប្រតិបត្តិការបង្ក្រាបបាន ពាក់ព័ន្ធករណីចាប់ជំរិតនេះ ទី១ ៖ ឈ្មោះ Wu chai bin អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ Jiang gong hao អាយុ៣២ឆ្នាំ និងទី៣៖ឈ្មោះ Liu hai hong អាយុ៤៥ឆ្នាំ។
បើតាមលោកមេបញ្ជាការ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន ខ្នោះច្រវាក់០២គូរ, ទូរស័ព្ទដៃ០២គ្រឿង, ដង្កាប់០១, ញញួរដងជ័រ០១, ពិលឆក់០១, សោសម្រាប់ចាក់ខ្នោះ០២, វ៉ាលីធំ០១, ប័ណ្ណធនាគារ (ចិន)០១, អត្តសញ្ញាណប័ណ្ណជនជាតិចិន១០សន្លឹក, លិខិតជំពាក់ប្រាក់ជាភាសាចិន០១សន្លឹក និងប័ណ្ណបើកបរ០២សន្លឹក។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ជនជាតិចិនទាំង៣នាក់ ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅផ្ទះជួលក្រុមទី១៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដែលបទល្មើសតាមមាត្រា ២៥៣ នៃក្រុមព្រហ្មទណ្ឌ៕