(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់តាមបណ្តោយផ្លូវអង្គតាម៉ិញ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទូចស្នើរសុំអាជ្ញាធរទាំង២ខណ្ឌ មេត្តាជួយពន្លឿនជួសជុលផ្លូវអង្គតាម៉ិញ ដែលកំពុងរងការខូចខាត និងពិបាកធ្វើដំណើរនិងរៀបចំដាក់ប្រព័ន្ធលូរបង្ហូរ ដែលរងការជន់លិចពេល ដែលមានភ្លៀងធ្លាក់ប្រវែងជិត២០០០ម៉ែត ផ្លូវនេះគឺតភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ី រហូតមកដល់ផ្លូវ២០០៤ ផ្លូវខ្សែរនេះគឺពុះចែកចេញជាពីរដោយម្ខាង ពាក់កណ្តាលម្នាក់ជារវាងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។
ប្រជាពលរដ្ឋបានលើកឡើងថា «នៅពេលចុះឃោសនាបោះឆ្នោតឃុំសង្កាត់ អាជ្ញាធរខណ្ឌទាំងពីរ មាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ឹល កុសល អតីតអភិបាលខណ្ឌសែនសុខ បច្ចុប្បន្ននេះគឺ លោក ម៉ូវ ម៉ានិត ឡើងកាន់តំណែងជាអភិបាលខណ្ឌសែនសុខ បានសន្យាថា និងជួសជុលផ្លូវនិងប្រព័ន្ធលូររំដោះទឹកខាងលើជូនពួកគាត់ធ្វើដំណើរ រហូតមកដល់ពេលនេះបោះឆ្នោត ជិតពាក់កណ្តាលអាណត្តិមកនេះ គឺមិនទាន់បានធ្វើផ្លូវនេះតាមសន្យានៅឡើយទេ»។
ប្រជាពលរដ្ឋបានបន្តថា ឥលូវនេះផ្លូវក៏កាន់តែខូចខ្លាំង ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ នៅពេលមេឃភ្លៀងម្តងធ្វើឲ្យលិចកំណាត់ផ្លូវនេះយ៉ាងខ្លាំងទៀតផង។ ប្រជាពលរដ្ឋតាមបណ្តោយផ្លូវនេះ គឺបានសូមសុំណូមពរ ទៅដល់អាជ្ញាធរទាំងពីមេត្តាជួយពន្លឿន ជួសជុលផ្លូវទៅតាមការសន្យាឲ្យបានឆាប់រហ័សផង ។
មន្ត្រីសាលាខណ្ឌទាំង២ បានឲ្យដឹងដែរថាក្នុងគំរោងនេះ ពោធិ៍សែនជ័យ និង សែនសុខ គឺបានខ្នះខ្នែងលើកគំរោងនេះស្នើសុំការសម្រេចពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។ ខណ្ឌទាំង២ ក៏សូមការអធ្យាស្រ័យនិងអភ័យទោសពី បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវខាង ហើយអាជ្ញាធរនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីជួសជុលឲ្យ បានឆាប់រហ័សតាមការសន្យាឲ្យបាន។
ទទឹមនឹងនេះដែរអាជ្ញាធរខណ្ឌពោធិ៍សែនជ័យម្នាក់ បានប្រាប់ឲ្យដឹងដែរថា ផ្លូវខាងលើនេះគឺសាលាខណ្ឌពោធិ៍សែនជ័យ បានលើកគំរោងរួចមកហើយ តែត្រូវបានផ្អាកគំរោងនេះទៅវិញ ដោយសារកាត់តាមបណ្តោយផ្លូវនេះ ម្នាក់មួយចំហៀងពាក់កណ្តាលទៅឲ្យ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខគ្រប់គ្រងវិញផងដែរ ទើបធ្វើឲ្យមានការយឺតយ៉ាវបែបនេះតែម្តង៕