(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តប៉ៃលិន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើងដោយ វ.ស.ស. សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសកម្ពុជា។
អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ បានធ្វើការពិភាក្សាពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកនៅក្នុងអង្គវេទិកាលើបញ្ហាប្រឈមជាក់ស្តែងនៅថ្នាក់មូលដ្ឋាន រួមទាំងសំណូមពរមួយចំនួនផងដែរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានផ្តល់ជាអនុសាសន៍ដោយបានស្នើឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហការជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានៅឆ្នាំ២០៣០ និងត្រូវបង្កើតភាពជាដៃគូដោយឆន្ទៈស្មោះត្រង់រវាងគ្នា ព្រមទាំងត្រូវចូលរួមគោពអនុវត្តច្បាប់ជាធរមាន។