(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ លោក យន្ត មីន ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News។
ការដំឡើងឋានន្តរស័ក្តិ និងតែងតាំង លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា លោក យន្ត មីន បានសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
ករណីនេះ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ដែលក្រុមអ្នករុករក និងសង្រ្គោះបានប្រើប្រាស់រយៈពេល២ថ្ងៃកន្លះ ទើបអាចរកជនរងគ្រោះ ដែលកប់ក្នុងគំនរកម្ទេចអគារ ឃើញអស់ ផងដែរ៕