(ភ្នំពេញ)៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្ត្រទាំង៤ ខេត្តគឺខេត្តស្ទឹងត្រែង កំពង់ធំ ព្រះវិហារ និងក្រចេះត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ
ការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩នេះ ខណៈពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់ក្រសួងបរិស្ថាននិងតំណាងអាជ្ញាធរខេត្តនិងតំណាងសហគមន៍ ប្រជាពលរដ្ឋ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ក្នុងស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ នេះនៅក្នុងខេត្តព្រះវិហារ។
យោងតាមសេចក្តីប្រកាសស្តីពីការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិទាំង ១៩ នោះរួមមាន ខេត្តស្ទឹងត្រែងមាន ៥ សហគមន៍គឺសហគមន៍តំបន់ការពារធម្មជាតិផ្អាវ ទាល់ អន្លង់ភេ គីរីសុខសាន្ត និងអន្លង់ជ្រៃ។ ខេត្តកំពង់ធំមាន ២ សហគមន៍គឺសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី និងកងមាស។ ខេត្តព្រះវិហារ មាន ៨ សហគមន៍ គឺសហគមន៍ការពារតំបន់ធម្មជាតិប្រាសាទភ្នំក្រៀល ប្រាសាទឈើទាលកោង ស្រែវាល ភ្នំជ្រាប់ត្រីក្សាន្ត ភ្នំល្អាង ភូមិពើក ព្រៃកំរ៉ែង បង្កនសែនជ័យ។ ខេត្តក្រចេះមាន ៤ សហគមន៍រួមមានសហគមន៍តំបន់ការពារធម្មជាតិកំពង់ក្បឿង អង្គរឥន្ទ ឥន្ទជ័យ កំពង់ដំរី។ សហគមន៍ទាំងនេះនឹងត្រូវចុះកិច្ចព្រមព្រៀង ជាមួយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ដើម្បីបំពេញការងារស្របច្បាប់។ សហគមន៍តំបន់ការពារធម្មជាតិទាំងនេះ នឹងត្រូវរៀបចំលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍ ការពារធម្មជាតិ និងការប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាននេះ ក្នុងបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងថា៖ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការបែងចែកការគ្រប់គ្រង និងការទទួលខុសត្រូវដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាសហគមន៍ ចូលរួមការពារធនធានធម្មជាតិដែលស្ថិតនៅក្នុងសហគមន៍របស់ពួកគាត់»។ លោកបានបញ្ជាក់ថា ការបង្កើតសហគមន៍ តំបន់ការពារធម្មជាតិនេះ គឺ ធ្វើឡើងតាមរយៈការស្នើ សុំការគាំទ្ររបស់សហគមន៍មូលដ្ឋាន ដើម្បីឱ្យសហគមន៍មានលទ្ធភាពពេញលេញ ចូលរួមគ្រប់គ្រង ប្រើប្រាស់អាស្រ័យផលប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថា សហគមន៍ផ្សេងទៀតដែលមិនត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាន ឬក្រុមបណ្តាញ និងសមាគមណាមួយដែលមិនមានការចុះ បញ្ជីនៅក្រសួងមហាផ្ទៃមិនមានភាពស្របច្បាប់ក្នុងការបំពេញការងារក្នុងតំបន់ការពារធម្មជាតិឡើយ។ លោកបានថ្លែងថាក្រសួងបរិស្ថាន ដែលបានននិងកំពុងគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅលើផ្ទៃដូសរុបប្រមាណ ៧,៥ លានហិកតានឹងបន្តរៀបចំនិងប្រកាសទទួល ស្គាល់សហគមន៍តំបន់ការពារធម្មជាតិនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ លោក បានថ្លែងថាសហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ១៦៣សហគមន៍។
តំណាងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង លោក កង រ៉ែន បានថ្លៃងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានទទួលស្គាល់សហគមន៍ទាំង ៥ ថែមទាំងបានប្តេជ្ញាខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរួមសហការគ្នារវាងសហគមន៍ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សដើម្បីការពារឱ្យបាននូវធនធានធម្មជាតិនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិនៅតំបន់ដែនជំរកសត្វព្រៃ ព្រៃឡង់ និងបន្តរួមសហកាជាមួយជាមួយអាជ្ញាធរទប់ស្កាត់កុំឲ្យមានបទល្មើសនានាដែលកើតឡើងក្នងតំបន់ការពារធនធានធម្មជាតិដែនជំរកសត្វព្រៃព្រៃឡង់ថែមទៀតផង ដើម្បីធ្វើយ៉ាងណាឲ្យតំបន់តំបន់ការពារធម្មជាតិនៅគង់វង្សស្ថិតស្ថេរ គង់វង់បានយូអង្វែង។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានទំហំផ្ទៃដីចំនួនជាង ៤៣ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សប្រមាណ១០០នាក់ បាននិងកំពុងឈរជើងការពារនិងអភិរក្សដែនជម្រកសត្វព្រៃព្រៃឡង់៕