(ភ្នំពេញ)៖ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចប់អាណត្តិ បានប្រាប់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឱ្យដឹងថា មានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន បានចាប់អារម្មណ៍មករកស៉ីនៅកម្ពុជា ជាពិសេសលើវិស័យថាមពល។ នេះបើយោងតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស។
លោក Ingo Karsten បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែល លោក ប្រាក់ សុខុន អនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងធ្វើកិច្ចជម្រាបលា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់រូបនេះ បានបញ្ចប់បេសកកម្មការទូតរបស់ខ្លួន ដោយជោគជ័យនៅកម្ពុជា។
លោក កេត សោផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក(ទូត)បញ្ជាក់ថា លោកជាសាក្ស៉ីម្នាក់ ក្នុងការរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយសេដ្ឋកិច្ច និងសង្គម លោកក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់ គឺជាដៃគូសហប្រតិបត្តិការយូរអង្វែង ជាមួយកម្ពុជា»។ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា «ដោយសង្កេតឃើញការរីកចម្រើនរបស់កម្ពុជា មានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន បានចាប់អារម្មណ៍ ក្នុងការមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ជាពិសេសលើវិស័យថាមពល»។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានថ្លែងថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍ អាល្លឺម៉ង់បានផ្ដល់កម្ចីហិរញ្ញប្បទាន សម្បទានប្រមាណជា ៤៨លានអឺរ៉ូ ឬស្មើនឹងប្រមាណជាជិត ៦៦លានដុល្លារអាមេរិក នៅក្នុងគម្រោងនៃការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ លោកថ្លែងបន្តទៀតថា ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណដល់អាល្លឺម៉ង់ សម្រាប់កម្ចីមួយនេះ។
លោក កេត សោផាន់ បានបញ្ជាក់ថា «ជាកិច្ចបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់អាល្លឺម៉ង់ ដែលបានផ្ដល់កម្ចីហិរញ្ញប្បទានសម្បទាន ប្រមាណជា ៤៨លានអឺរ៉ូ នៅក្នុងគម្រោងនៃការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០»៕