(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ខ្លួនបានលុបឈ្មោះ អ្នកបោះឆ្នោតចំនួន ៤២,៩១៨នាក់ ចេញពីបញ្ជីបោះឆ្នោត តាមឃុំ/សង្កាត់ទូទាំងប្រទេស។ នេះបើតាម សេចក្តីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលរៀបចំឡើងដោយ គ.ជ.ប នៅថ្ងៃទី២៧ ខែមិថុនា លោក ឯម សូផាត បានថ្លែងថា ពេលនេះ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០១៩ សរុបមានចំនួន ៨,៦២៩,៣៥៦ នាក់ ស្មើនឹង ៨៤,៧៨% បើប្រៀបធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ។
បញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៩ និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ មួយច្បាប់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ មួយច្បាប់ ព្រមៗគ្នានៅទូទាំងប្រទេសនាថ្ងៃនេះ ដើម្បីបម្រើគោលដៅនៃការប្តឹងតវ៉ា និងការប្តឹងជំទាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ ក្រៅពីមានការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស បញ្ជីនេះក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឬអាចស្វែងរកតាមកម្មវិធីទូរស័ព្ទដៃ Voterlist KH (app) និងគេហទំព័រ គ.ជ.ប www.necelect.org.kh ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប បានបញ្ជាក់បន្ថែម។
ឆ្លៀតក្នុងឱកាសនេះ លោក ឯម សូផាត បានបញ្ជាក់ថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ កាន់តែមានភាពត្រឹមត្រូវ និងតម្លាភាព សូមឱ្យប្រជាពលរដ្ឋគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោត ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ អញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួននៅលើបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រាកដថាត្រឹមត្រូវ និងច្បាស់លាស់។
ក្នុងករណីដែលប្រជាពលរដ្ឋពិនិត្យឃើញថា មិនឃើញឈ្មោះ ឬឃើញឈ្មោះតែខុសឈ្មោះ ភេទ និងទិន្នន័យពាក់ព័ន្ធ ឬឃើញជនណាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចុះឈ្មោះបោះឆ្នោត ឬជនណាមានឈ្មោះលើសពីមួយកន្លែង (ឈ្មោះស្ទួន) ប្រជាពលរដ្ឋមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង នៅក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាសមត្ថកិច្ចដោះស្រាយបណ្តឹងថ្នាក់ដំបូង ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានន័យថា អាចប្តឹងរហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖៣០នាទី ជាថ្ងៃចុងក្រោយ។
បើតាម គ.ជ.ប ក្នុងករណីដែលអ្នកប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋអាចបន្តប្តឹងទៅ គ.ជ.ប ហើយបើមិនសុខចិត្ត នឹងសេចក្តីសម្រេចរបស់ គ.ជ.ប ទៀត ប្រជាពលរដ្ឋអាចប្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញតាមការកំណត់នៃច្បាប់។ សូមជម្រាបថា ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះ រួមមាន៖ តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៤ តំណាងគណបក្សនយោបាយចំនួន ១០ តំណាងអង្គភាពសារព័ត៌មានចំនួន ១៣ និងមន្រ្តីនៃទីស្តីការ គ.ជ.ប សរុបចំនួន ៧០នាក់៕