(ភ្នំពេញ)៖ ដោយសារខ្លាចសំណង់អគារបាក់ស្រុត ដូចករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុ អាជ្ញាធរខណ្ឌបឹងកេងកង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះពិនិត្យការដ្ឋានសាងសង់អគារមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រោះសង្ស័យថា អគារមួយនេះសាង់គ្មានច្បាប់ទម្លាប់។
មន្ត្រីសាលាខណ្ឌបឹងកេងកង បានឲ្យដឹងថា ការចុះពិនិត្យអគារខុសប្រក្រតីមួយនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បទបញ្ជានេះក៏ស្របនឹងការ ប្រកាសបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រួតពិនិត្យមើលរាល់អគារ ដែលសាងសង់ឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
អភិបាលរាជធានីភ្នំពេញ បានព្រមានថា អភិបាលខណ្ឌរូបណា ដែលបណ្តាលឲ្យមានអគារខុសលក្ខណៈបច្ចេកទេស សាងសង់ឡើងក្នុងដែនសមត្ថកិច្ចខ្លួន នឹងត្រូវទទួលរងវិន័យរដ្ឋបាល និងទទួលខុស្រូវចំពោះមុខច្បាប់។
មន្ត្រីសាលាខណ្ឌ បានឲ្យដឹងទៀតថា អាជ្ញាធរចង់ឲ្យវិស្វករ នៃការសាងសង់អគារ នៅសង្កាត់ទួលស្វាយព្រៃ១ នៅខណ្ឌបឹងកេងកងនេះ ត្រូវបង្ហាញឲ្យលម្អិតថា អគារធ្វើពីដែកនេះ មានទម្របានត្រឹមត្រូវ ដែលអាចផ្ទុកអ្នកចូលទស្សនា ឬភ្ញៀវចូលអគារនេះបានដែរទេ? មន្ត្រីបានឲ្យធ្វើកោសល្យវិច្ច័យថា តើសំណង់នេះ អាចដាក់បានចំនួនកម្រិតណា ចេញដោយវិស្វករណា ឬចេញដោយវិស្វករឯករាជ្យមួយណា ដែលឲ្យអាជ្ញាធរទទួលស្គាល់បាន។
លោកបញ្ជាក់ថា «សំណង់នេះវាដូចគ្នានឹងសំណង់នៅកំពង់សោមដែរ ដែលធ្វើអំពីដែក។ ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសុំឲ្យមានធ្វើគម្រោងឡើង ឲ្យបានច្បាស់លាស់ មានច្បាប់បង្ហាញមក។ ឥឡូវនេះខ្ញុំឃាត់សិនហើយ»។ ជាលទ្ធផលមន្រ្តីអាជ្ញាធរបានសម្រេចផ្អាក មិនឲ្យដំណើរការសាងសង់ទៀតនោះឡើយ ដោយរង់ចាំការពិនិត្យមើលគ្រប់លក្ខណៈសិន។
នៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុកដាក់ទប់ស្កាត់ រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ប៉ុន្ដែទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្ដបន្ទាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ»៕