(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសសូមការអធ្យាស្រ័យពីសាធារណៈមតិ ពិសេសសូមការអភ័យទោសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យ ក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនាដែលបណ្ដាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់លោក។
ការចេញមកសូមអភ័យទោសរបស់លោក ជា ពិសី ខាលើនេះ បានធ្វើឡើងបន្ទាប់ពីមានការថតបង្ហោះសរសេរសារ និងភ្ជាប់ជាមួយនូវរូបភាពរបស់លោកតៗគ្នា នៅលើបណ្ដាញសង្គម Facebook ថា បានសម្រាន្តលក់ស្រួល អាចប្រហែលហត់ខ្លាំងលើការងារតាមមូលដ្ឋាន នៅក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង។
ឆ្លើយតបនឹងករណីដោយអចេតនានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានសូមការអធ្យាស្រ័យ ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
កាលពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ Page Facebook មួយចំនួនបានបង្ហោះ រូបភាព និង វីឌីអូ អំពីខ្ញុំ គ្រាដែលខ្ញុំបាទបានបិទភ្នែភសំងំមួយសន្ទុះ ដោយសារភាពអស់កម្លាំង បូករួមទាំង បញ្ហាសុខភាពផ្ទាល់ខ្លួនផងនោះ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលម្សិលមិញនៅកោះពេជ្រ ដោយបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម។
ខ្ញុំបាទសូមឆ្លើយតប និងបកស្រាយជូនសាធារណៈមតិមេត្តាជ្រាបថា ប៉ុន្មានថ្ងៃមកនេះ ម្ដាយជរារបស់ខ្ញុំ អាយុ៨០ឆ្នាំ កំពុងមានជម្ងឺជាទម្ងន់ និងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ កាតព្វកិច្ចដ៏ធំបំផុតរបស់ខ្ញុំ ក្នុងនាមជាកូនកត្តញ្ញូមួយរូប ខ្ញុំតែងតែទៅមើលថែរទាំម្ដាយរបស់ខ្ញុំ ស្ទើរតែរៀងរាល់យប់ ក្រោយបានសម្រាកពីការដឹកនាំការងាររដ្ឋបាលរួចមក។
គាប់ជួននៅយប់ថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ ខ្ញុំបាទបានទៅមើលថែម្ដាយចាសជរាឈឺធ្ងន់ រហូតដល់ម៉ោងជាង ២យប់រំលោងអាធ្រាត្រថ្ងៃទី២៦ ខែមិថុនា ទើបនឹងបានសម្រាកប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងថ្ងៃដដែលនោះ វេលាម៉ោង ៥ព្រឹក ខ្ញុំបាទត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅដឹកនាំកម្លាំងមហាជន ចូលរួមកម្មវិធីនៅឯកោះពេជ្រទៀត។
ខ្ញុំបាទសូមការអធ្យាស្រ័យពីសាធារណមតិទូទាំងប្រទេស ពិសេស ខ្ញុំបាទសូមការអភ័យទោសដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនានេះ ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំបាទ។ សូមអរគុណសម្រាប់ការដាស់តឿនក្នុងន័យស្ថាបនា៕