(ភ្នំពេញ)៖ នាឱកាសចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងលោកគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឱ្យកាន់តែរីកចម្រើន សំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។

ការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលរៀបចំឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការអញ្ជើញជាគណៈអធិបតីភាពពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រូបង្វឹក និងកីឡាករ-កីឡាការនី ប្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស១, មេដាយប្រាក់១ និងពានរង្វាន់កិត្តិយសជាច្រើន។

លោករដ្ឋមន្ត្រី បានលើកឡើងពីតម្រូវការចាំបាច់សម្រាប់វិស័យកីឡាប្រណាំងកង់ និងបានស្នើសុំទស្សនៈ និងការចូលរួមគាំទ្របន្តទៀត ពីសមាជិកគណៈកម្មាធិការប្រតិបត្តិ មន្ត្រីសហព័ន្ធ និងគ្រូបង្វឹកទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសំខាន់ៗរបស់កីឡាមួយនេះ សំដៅកសាង និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការនីកម្ពុជា ឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់ទាំងក្នុងតំបន់ និងលើពិភពលោក។

«វិស័យកីឡាប្រណាំងកង់បច្ចុប្បន្ន គឺត្រូវការកម្រិតអាជីព និងជំនាញខ្ពស់ណាស់ គឺមិនត្រឹមតែកីឡាករ កីឡាការិនី មានសមត្ថភាពខ្ពស់ទេ សូម្បីកង់ប្រណាំង ក៏ត្រូវតែ ផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ទើបអាចដណ្តើមយកជ័យជម្នះ នៅក្នុងការប្រកួតបាន។ កាលណាកង់កាន់តែទំនើប និងកាន់តែងាយស្រួល តម្លៃរបស់វាក៏កាន់តែថ្លៃផងដែរ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

គួររម្លឹកថា តាមរយៈការដាក់ចេញនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាជួបនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ ព្រមទាំងមានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ដែលបង្កើតបានជាកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការពង្រីកមូលដ្ឋានកំណើន និងការទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕