(ភ្នំពេញ)៖ ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងនៅក្នុងឆ្នាំ២០១៩នេះ គិតត្រឹមសប្តាហ៍ទី៣ ខែមិថុនា ជំងឺគ្រុនឈាមបានកើតមានប្រមាណ ១៣,០០០ករណី ក្នុងនោះ ២៤ករណី បានស្លាប់បាត់បង់ជីវិត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺគ្រុនឈាមរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានប៉ានប្រមាណថា ជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះអាចមានរហូតដល់ទៅ ៥ម៉ឺនករណី កើនឡើងប្រមាណ ៥ដងបើធៀបទៅនឹងឆ្នាំ២០១៨។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមរូបនេះ បានគូសបញ្ជាក់ថា ការកើនឡើងច្រើននៃជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ ដោយសារជាវដ្តនៃជំងឺនេះ ដែលមានរយៈពេលប្រមាណ ៥ ទៅ ៦ឆ្នាំម្តង ឬ ១០ ទៅ១២ឆ្នាំម្តង នឹងកើតមានច្រើនបែបនេះ។ ការកើនឡើងជំងឺគ្រុនឈាមសម្រាប់ឆ្នាំ២០១៩នេះ ក៏មិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះដែរ ប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ានកើនឡើងដូចគ្នា។
លោក ហ៊ុយ រ៉េកុល បានបញ្ជាក់ថា នៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៩នេះ បានកើតមាន ៤ពាន់ករណី, ហ្វីលីពីន ៧ម៉ឺនករណី, ម៉ាឡេស៊ី ៦ម៉ឺនករណី ខណៈប្រទេសវៀតណាម កើនឡើង ៣ដង និងប្រទេសថៃកើនឡើង ២ដង។
ឆ្លើយតបជាមួយការកើនឡើងនៃជំងឺគ្រុនឈាមនេះក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងជាមួយរីករាយរាលដាលនៃជំងឺ។ វិធានការនោះមានដូចជាការ ការចែកថ្នាំអាបេត និងថ្នាំ BTI ជូនដល់ប្រជាពលរដ្ឋសម្រាប់ដាក់តាមពាងទឹកសម្លាប់ដង្កូវទឹកដែលជាប្រភពបង្កើតមូសខ្លាទីភ្នាក់ងារចម្លងជំងឺគ្រុនឈាមតាំងពីឆ្នាំ២០១៨។ មកដល់ពេលបច្ចុប្បន្នថ្នាំប្រមាណ ១៨៤តោនហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ខណៈថ្នាំសរុបប្រមាណ ៣០០តោនត្រៀមចែកជូនប្រជាពលរដ្ឋ។
ក្រៅពីនោះក្រសួងសុខាភិបាល ក៏បានត្រៀមថ្នាំបាញ់សម្លាប់សត្វមូសខ្លាប្រមាណជិត ១ម៉ឺនលីត្រសម្រាប់បាញ់នៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ។ តែយន្តការប្រើថ្នាំនេះ គឺក្រសួងមិនលើកទឹកចិត្តនោះឡើយ ព្រោះវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានត្រៀមសឺរ៉ូមប្រមាណ ៧ម៉ឺនកំប្លោកសម្រាប់ជួយដល់អ្នកកើនជំងឺគ្រុនឈាមផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ លោក ហ៊ុយ រ៉េកុល ក៏បានផ្តល់ដំបូន្មានមួយចំនួនទៅដល់អ្នកកើតជំងឺគ្រុនឈាមផងដែរ។ លោក រ៉េកុល បានក្រើនរំលឹកដល់អាណាព្យាបាល ឬសាច់ញាតិត្រូវប្រញាប់បញ្ជូនកូន ឬសាច់ញាតិខ្លួនមកកាន់មន្ទីរពេទ្យរដ្ឋភ្លាមប្រសិនបើមានការសង្ស័យថាកើតជំងឺគ្រុនឈាម។
លោក រ៉េកុល បានអះអាងថា បើមានការយឺតយ៉ាវ ឬពន្យារពេលច្រើនថ្ងៃគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។ លោក ហ៊ុយ រ៉េកុល ក៏បានរំលឹកផងដែរ ដល់អ្នកសង្ស័យមានជំងឺគ្រុនឈាមមិនត្រូវទៅទិញថ្នាំនៅតាមឱសថស្ថានដោយគ្មានបច្ចេកវិទ្យានោះទេ ព្រោះងាយនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។ ជាពិសេសមិនត្រូវប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin និងថ្នាំប្រភេទ Steroids, Ibuprofen ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង៕