Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចកំណត់ថា សាកសពឆេះក្នុងភ្នក់ភ្លើងជាមួយម៉ូតូ១គ្រឿង ក្នុងចំការកៅស៊ូ នៅស្រុកស្នួល ជាករណីឃាតកម្មគិតទុកជាមុន

27-06-2019 16:01

(ក្រចេះ)៖ យោងតាមសមត្ថកិច្ចជំនាញ បានឲ្យភ្នាក់ងារ Fresh News ដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះថា សាកសពឆេះក្នុងភ្នក់ភ្លើង ជាមួយម៉ូតូ១គ្រឿង ក្នុងចំការកៅស៊ូ នៅស្រុកស្នួល ខេត្តក្រចេះ គឺជាករណីឃាតកម្មគិតទុកជាមុន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទេះឃើញ សាកសពឆេះក្នុងភ្នក់ភ្លើង ជាមួយម៉ូត១គ្រឿងឆេះគ្មានសល់ ក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់នៅថ្ងៃទី២៧ ខែមិថុនានេះថា សាកសពដែលនៅក្នុងភ្នក់ភ្លើងនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណថា ឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ សាកសពឈ្មោះ ឃុំ សិទ្ធ នេះ កាលនៅរស់ជាមនុស្ស ប្រើប្រាស់គ្រឿងញៀន។

នគរបាលបន្តទៀតថា បើតាមបញ្ជាក់ពីជីដូនសាកសព បានបំភ្លឺថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០ ឈ្មោះខុម សិទ្ធ បានសុំលុយចំនួន ២០០០រៀល (ពីរពាន់រៀល )ដើម្បីទៅកាប់អុស នៅក្នុងចំការកៅស៊ូ។ បន្ទាប់មកជិះម៉ូតូចេញទៅ ដោយមានកាំបិទផ្កាកមួយទៅជាមួយ ក៏ចេញពីផ្ទះតែម្នាក់ឯង។

លុះដល់ម៉ោង១២កម្មករចៀរជ័រ បានប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណ បានឆេះស្លាប់ក្បែម៉ូតូ១គ្រឿង (ឆេះខ្លោចមើលមិនស្គាល់) រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីទទួលដំណឹងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ រួចហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសញ្ជាតិ និងអត្តសញ្ញាណសាកសព។ ក្រោយមកទើបសមត្ថកិច្ច បានដឹងថា សាកសពឆេះស្លាប់នោះឈ្មោះខុម សិទ្ធ ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

នគរបាលជំនាញ បញ្ជាក់ទៀតថា តាមការពិនិត្យនៅកន្លែងកើតហេតុ នៅបន្សល់ទុកចំនួន៣កំប៉ុង ប្រអប់ស្នោចំនួន១ ក្រៅពីនេះគ្មានអ្វីកត់សម្គាល់ទេ ហើយក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យសាកសពរួច បានឲ្យដឹងថា ករណីនេះជាករណីឃាតកម្មគិតទុកជាមុន។ ខណៈពេលនេះ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង បើកការស៊ើបអង្កេត លើករណីខាងលើនេះ៕