(ភ្នំពេញ)៖ យុវជនប្រមាណ១៥០នាក់ នៃកម្មវិធីបណ្តុះបណ្តាល ពិសេសជាភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចូលរួមក្នុងពិធីសម្ពោធគំរោង PEPITE និងការបង្កើតគណៈកម្មការពិគ្រោះយោបល់ ជាមួយវិស័យឯកជននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ។
នាឱកាសនោះ ក្រុមហ៊ុនចំនួន២៣ បានធ្វើការដាក់បង្ហាញការផ្សព្វផ្សាយនិងជ្រើសរើសបុគ្គលិក និងផ្តល់ការពិគ្រោះយោបល់ក្នុងការងារតាមមុខតំណែងនានា។ កម្មវិធីតម្រង់ទិសការងារក៏ បានរៀបចំធ្វើឡើងដោយមានការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗ របស់អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងដែរ។
PEPITE ជារចនាសម្ព័ន្ធថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឪកាសឲ្យគ្រឹះស្ថានឧត្តមសិក្សាធ្វើការពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយវិស័យឯកជនក្នុងគោលបំណងស្វែងយល់អំពី តម្រូវការទីផ្សារការងារ ផ្តល់ឱកាសដល់ក្រុមហ៊ុន ក្នុងការសហការណ៏ល្អជាមួយគ្រឹះស្ថានបណ្តុះបណ្តាលនិងស្វែងរកបុគ្គលិក ក៏ដូចជាផ្តល់ឱកាសដល់និស្សិតឲ្យទទួលបានការងារ និងកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុននានាផងដែរ។
គំរោងនេះជាផ្លែផ្កាមួយនៃប៉ូលនវានុវត្តន៍ និងសហគ្រិនភាពដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើការជ្រើសរើស និងផ្តល់ជូនសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងគោលបំណង លើកកំពស់គុណភាពអប់រំនិងផ្តល់ការងារដល់និស្សិតដែលបញ្ចប់ការសិក្សាក៏ដូចជា បង្កើតនូវតួនាទីថ្មីមួយរបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការផ្លាស់ប្តូរនិងសហការណ៏ជាមួយវិស័យឯកជនអោយកាន់តែប្រសើរ។
គណៈកម្មការពិគ្រោះយោបល់នៃគំរោង PEPITE ត្រូវបានបង្កើតឡើងដោយមានតំណាងមកពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង តំណាងក្រុមហ៊ុនជាច្រើន មកពីសភាពាណិជ្ជកម្មបារាំង និងអ៊ឺរ៉ុប តំណាងស្ថានទូតបារាំង ប្រធានគំរោងនៃកម្មវិធីបណ្តុះបណ្តាលពិសេសនិងប្រធានការិយាល័យហ្វ្រង់កូហ្វូនីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
គំរោងបណ្តុះបណ្តាលថ្នាក់ពិសេសជាភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចធ្វើការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិ ដោយមានការសហការណ៍ ជាដៃគូរតាមគ្រឹះ ស្ថានឧត្តមសិក្សាប្រមាណ២០ នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសជាមួយបណ្តាគ្រឹះស្ថានឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់និងអ៊ឺរ៉ុប។ ការផ្លាស់ប្តូរនិស្សិតបន្តការសិក្សានៅតាមគ្រឹះស្ថានជាដៃគូបានដំណើរការប្រកបដោយគុណភាព។ និស្សិតដែលទទួលការបណ្តុះបណ្តាល ក្នុងកម្មវិធីពិសេសនេះទទួលបានសញ្ញាប័ត្រពីរ ពីគ្រឹះស្ថានអប់រំ ថ្នាក់ជាតិនិងពីគ្រឹះស្ថានអប់រំជាដៃគូនៃប្រទេសបារាំង៕