(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានថ្លែងបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែមករាមកដល់ចុងខែមិថុនានេះ មានអ្នកបរិច្ចាគឈាមជូនមជ្ឈមណ្ឌល បាន២៩,០០០ប្លោក ក៏ប៉ុន្តែតម្រូវការឈាមនៅតែកើនឡើងដដែល។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងឱកាសដែលលោកបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម របស់មន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានការចូលរួមពីបុគ្គលិកក្រុមហ៊ុនសូគីម៉ិច និងសណ្ឋាគារសុខា ក្រោមពាក្យស្លោក «ទឹកចិត្តមនុស្សធម៌រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស»។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា «មកដល់នឹងពេលនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ទទួលបានឈាមជិត៣ម៉ឺនប្លោក ហើយជារៀងរាល់ឆ្នាំតម្រូវការឈាមនៅតែមានការកើនឡើង ទោះបីជាមានការចូលរួមច្រើនពីសំណាក់អ្នកបរិច្ចាគយ៉ាងណាក្តី»។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមរូបនេះ ក៏បានបង្ហាញក្តីបារម្ភចំពោះប្រជាពលរដ្ឋ ដែលមិនទាន់មានការយល់ដឹងខ្ពស់ពីអត្ថប្រយោជន៍ នៃការផ្តល់ឈាមជូនអ្នកជំងឺ ដោយលោកបានលើកឡើងយ៉ាងច្បាស់ថា «ការផ្តល់មិនត្រឹមតែបង្ហាញនូវចិត្តមនុស្សធម៌នោះទេ ក៏ប៉ុន្តែបានបង្ហាញនូវការលះបង់សម្រាប់ជួយជនរងគ្រោះ ក៏ដូចជាដើម្បីសុខភាពរបស់ខ្លួនឯងដែរ។ ការបរិច្ចាគឈាមក៏អាចកាត់បន្ថយជំងឺស្រូប ការឡើងទំងន់ និងជំងឺលើសជាតិដែកជាដើម»។
ប្រធានមជ្ឈមណ្ឌលជាតិផ្តលឈាមកម្ពុជា ក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យជោរៃភ្នំពេញ ដែលតែងតែជំរុញឲ្យបុគ្គិលរបស់ខ្លួន ក្នុងការផ្តល់ឈាមដែលមាន២ដងក្នុង១ឆ្នាំ ហើយក្នុងពេលម្តងៗ គឺមានយ៉ាងហោចណាស់ក៏បាន១០០ប្លោកផងដែរ។
សូមជម្រាបជូនថា ពេញមួយឆ្នាំ២០១៨ឆ្នាំមុននេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ទទួលបានឈាមទូទំាងប្រទេសបានចំនួន៨៣,៩៨៤ប្លោក ក្នុងនោះនៅភ្នំពេញមានចំនួន៥៨,៣៩៧ប្លោក។
លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានឲ្យដឹងដែរថា «រាល់ឆ្នាំ គឺមន្ទីរពេទ្យជោរៃភ្នំពេញ តែងតែប្រារព្ធពិធីសប្បុរសធម៌បែបនេះ ២ដងក្នុង១ឆ្នាំ ហើយនាថ្ងៃនេះ គឺមានបុគ្គលិកសណ្ឋាគារសុខា ក្រុមហ៊ុនសូគីម៉ិច សរុបទាំងអស់គឺមានជាង១០០នាក់ សម្រាប់ពេលនេះជាលើកទី៧ហើយ ដែលមន្ទីរពេទ្យយើងខ្ញុំប្រារព្ធពិធីនេះឡើង។ មន្ទីរពេទ្យយើងខ្ញុំមិនផ្តោតសំខាន់ ទៅលើការព្យាបាលអ្នកជំងឺនោះទេ អ្វីដែលសំខាន់ជាងនឹងទៅទៀត គឺពួកយើងក៏ផ្តោតសំខាន់ទៅលើការសង្គ្រោះជីវិត ម្យ៉ាងវិញទៀតដំណក់ឈាមនៅថ្ងៃនេះ គឺបានជួយសង្គ្រោះជីវិតអ្នកជំងឺ និងជាពិសេសបានជួយយ៉ាងខ្លាំងទៅអ្នកជំងឺដែលមានកម្រិតធ្ងន់ធ្ងរ»។
លោកវេជ្ជបណ្ឌិតរូបនេះក៏បានមើលឃើញថា ការបរិច្ចាគឈាម គឺជាការងារសប្បុរសធម៌ដ៏ល្អមួយ ដែលតម្រូវឲ្យប្រជាពលរដ្ឋម្នាក់ៗត្រូវតែជួយគ្នា ដើម្បីជួយសង្គ្រោះជីវិតរាល់អ្នកជំងឺ ដែលមានតម្រូវការឈាមជាចាំបាច់ ដែលជាពិសេសនោះការផ្តល់ជូននេះ គឺបានជួយយ៉ាងខ្លាំងបំផុតសម្រាប់អ្នកជំងឺដែលមានកម្រិតខ្លាំងក្លា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ក៏បានឲ្យបន្ថែមទៀតថា បើគិតជាតួលេខរួមមានប្រហែល២៥ភាគរយ នៃប្រជាជនទូទាំងប្រទេសកម្ពុជា បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត៕