(កំពងធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវយកចិត្តទុកដាក់លុបបំបាត់ឱ្យបានទាំងស្រុងរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងទីសប្បាយដ្ឋាននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្តកំពង់ធំ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្ដិធម៌ យុត្ដិធម៌ដើម្បីសុខភាព» នៅក្នុងវិទ្យាល័យកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណជិត៤០០០នាក់។
ជាមួយគ្នានេះដែរ លោក សុខ លូ បានឱ្យដឹងថា វិធានការអនុវត្តច្បាប់ គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត ក្នុងការទប់ស្កាត់ ការផ្គត់ផ្គង់គ្រឿងញៀន ដូច្នេះ ការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសទប់ស្កាត់ ឱ្យបានជាមុនកុំឱ្យក្រុមឧក្រិដ្ឋជន មានលទ្ធភាពចរាចរ គ្រឿងញៀនចូល ឬឆ្លងកាត់ប្រទេសរបស់កម្ពុជា និងការទប់ស្កាត់ ឱ្យមានប្រសិទ្ធភាព នូវរាល់ការប៉ុនប៉ង ចរាចរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងការបង្វែរសារធាតុនេះ ពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀន ខុសច្បាប់ គឺជាកិច្ចការដ៏សំខាន់ ដែលមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពង្រឹងបន្ថែមទៀត។
បន្ថែមពីនេះលោកអភិបាលខេត្ត បានលើកឡើងថា មន្ត្រីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវកុំ៤ គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន។
លោកបានបន្ថែមថា សម្រាប់ខេត្តជាប់ព្រំដែន បណ្តាបញ្ជាការដ្ឋានកងកម្លាំងនគរបាល កងទ័ព និងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរ ជើងនៅតាមតំបន់ព្រំដែនទាំងអស់ ត្រូវរៀបចំបញ្ចូល ជាសមាជិក នៃគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមឋានុក្រមក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការ ចរាចរគ្រឿងញៀនចូលមកក្នុងប្រទេស និងចូលរួមអនុវត្ត ការរៀបចំភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមគោលដៅឈរជើងរបស់ខ្លួន ដោយសហការជាមួយខេត្តជាប់ព្រំដែនជិតខាងឱ្យមានប្រសិទ្ធភាព។
លោក សុខ លូ ក៏បានអំពាវនាវដល់វិស័យឯកជន អ្នកវិនិយោគ ឬអាជីវករ ដែលមានមុខរបរពាក់ព័ន្ធ និងទីកន្លែងដែលងាយនឹងទទួលរង នូវការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដាច់ខាតមិនត្រូវពាក់ព័ន្ធ និងគ្រឿងញៀន មិនត្រូវយកអាជីវកម្មស្របច្បាប់ ឆ្លៀតឱកាសរកចំណេញ ពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវតែគោរពច្បាប់អាជីវកម្ម និងច្បាប់វិនិយោគ ហើយចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយត្រូវរាយការណ៍ ឬសុំកិច្ចអន្តនាគមន៍ ពីសមត្ថកិច្ចពេលសង្ស័យថា មានបទល្មើសមិនលាក់បាំង។
លោកអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ជាពិសេសកុំឱ្យអ្នកដែលជួញដូរគ្រឿងញៀន ក្លាយទៅជាអ្នកប្រើប្រាស់ប្រាស់គ្រឿងទៅវិញ។
តាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ អនុវត្តផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ បង្ក្រាបបទល្មើសគ្រឿងញៀនបាន៦២ ករណីឃាត់ខ្លួនជនសង្ស័យចំនួន ២០៤នាក់ ស្រី ៧នាក់ ក្នុងនោះដកហូតយកវត្ថុតាងគ្រឿងញៀនមានថ្នាំញៀន ផ្ទុកសាធាតុញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១៩៣កញ្ចប់ ទំងន់ ៥៥,១៥ក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត៕