(ភ្នំពេញ)៖ បុរសម្នាក់បានយកសាំងមកចាក់ដុតសម្លាប់ខ្លួនឯងស្លាប់ យ៉ាងអណោចអធ័ម ដោយពុំទាន់ដឹង ថាមានវិប្បត្តិអ្វីឲ្យប្រាកដនោះទេ ស្ថិតនៅក្នុងដីឡូមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
បើតាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកើតហេតុ បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចាក់សាំងដុតនេះ មានឈ្មោះ សុក្រ ទើបតែមកពីធ្វើការងារនៅឯប្រទេសថៃ និងជាអ្នកប្រើប្រាស់គ្រឿងញៀន សង្ស័យអាចបណ្ដាលមកពីបែកថ្នាំ។
ក្រោយកើតហេតុការណ៍ដ៍ភ្ញាក់ផ្អើលខាងលើនេះភ្លាមៗ ក្រោមការបញ្ជាកម្លាំងដោយផ្ទាល់ពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងជំនាញរបស់ការិយាល័យចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការហ៊ំព័ទ្ធទីតាំងកើតហេតុ និងបើកការត្រួតពិនិត្យ ក្នុងស្រាវជ្រាវរកមូលហេតុ នៃការចាក់សាំងដុតធ្វើអត្តឃាតសម្លប់ខ្លួនឯង របស់បុរសម្នាក់នេះ តើផ្ដើមចេញមកពីមូលហេតុអ្វីឲ្យប្រាកដ៕