(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា នៅពេលដែលវិទ្យាសាស្ត្រកាន់តែរីកចម្រើន ភាសាមិនអាចអភិរក្សបានទេ ត្រូវតែអភិវឌ្ឍន៍វា បើមិនអភិវឌ្ឍន៍ទេ មិនអាចដើរទាន់ការរីកចំរើន នៃវិទ្យាសាស្ត្របាននោះទេ ហើយក៏គ្មានភាសាណាមួយ ដែលមិនមានការអភិវឌ្ឍន៍នោះដែរ វាលែងតែអ្នកប្រាជ្ញ និងវិទ្យាសាស្ត្រគេងលក់ ទើបភាសានោះគេងលក់តាមដែរ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «បញ្ហាការកត់សូរភាសារបរទេសជាអក្សខ្មែរ និងការតក់សូរភាសារខ្មែរជាអក្សឡាតាំងបែបខ្មែរ» នៅរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះដែរក៏មានការចូលរួមពីលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ប្រធានគណៈកម្មាធិការបង្កើតពាក្យ និងកម្ចីពាក្យ រួមទាំងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក សុខ ទូច បានគូសបញ្ជាក់ថា «នៅពេលដែលវិទ្យាសាស្ត្រកាន់តែរីកចម្រើន ភាសាមិនអាចអភិរក្សបានទេត្រូវតែអភិវឌ្ឍន៍វា បើមិនអភិវឌ្ឍន៍ទេយើងមិនអាចដើរទាន់ នៃការរីកចំរើននៃវិទ្យាសាស្ត្រទេ គ្មានភាសារណាមួយដែលមិនមានការអភិវឌ្ឍន៍នោះទេ វាលែងតែអ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រគេងលក់ ទើបភាសារនោះគេងលក់តាម ដូច្នេះភាសារខ្មែរគឺជាភាសារមួយ ដែលនៅក្នុងច្បាប់រដ្ឋធម្មនុញជាភាសាយាន ដូច្នេះសង្ឃឹម និងសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ បានដាក់នៅលើស្មាររបស់បណ្ឌិត នឹងអ្នកឯកទេសខាងភាសាខ្មែរនេះទាំងស្រុងហើយ»។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបន្ថែមថា គណៈកម្មាធិជាតិភាសារខ្មែរ ពិតជាដើរតួនាទីសំខាន់ណាស់ ដើម្បីឱ្យគ្រប់ស្ថាប័នទាំងអស់សហការជាមួយគណៈកម្មាធិជាតិភាសារខ្មែរ ក្នុងការលើកផ្លាកនានា ដើម្បីឱ្យមានឯកភាពគ្នា ទោះបីគ្រប់ភាសារទាំងអស់ មានការលេងពាក្យខ្លះក៏ដោយ ក៏ត្រូវតែឱ្យធ្វើការពន្យល់ឱ្យបានច្បាស់ជាមុនសិន មុននឹងលើកផ្លាករបស់ខ្លួន តើចំណងជើងឆើតនោះវាប៉ះពាល់ដល់សង្គមខ្មែរដែរឫទេ? ហើយគណៈកម្មាធិជាតិភាសារខ្មែរនឹងធ្វើការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីធ្វើឱ្យមានឯកភាពជាតិ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមទៀតថា ភាសាខ្មែរគឺជារបស់យើងទាំងអស់គ្នា ភាសាណាក៏ដូចភាសាណាដែរតែងតែមានបញ្ហាដូចគ្នា ហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកភាសាវិទ្យា អ្នកអក្សរសាស្ត្រ អ្នកនយោបាយ បានប្រើវិធីផ្សេងៗមានដូចជា ការបង្កើតគោលនយោបាយជាតិ ភាសាចងក្រងវេយ្យាករណ៍ រៀបរៀងវចនានុក្រម ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសឱ្យភាសាផងដែរ។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ ឱ្យបំពេញតួនាទីសំខាន់ៗជាច្រើន ជាពិសេសគឺការរៀបចំគោលនយោបាយជាតិស្តីពីភាសាខ្មែរ ការរៀបរៀងវចនានុក្រមភាសាខ្មែរ ការអនុម័តបច្ចេកសព្ទតាមជំនាញនានា និងការកំណត់គោលការណ៍ផ្សេងៗ សម្រាប់ភាសាខ្មែរ ក្នុងគោលបំណងអភិវឌ្ឍ អភិរក្សភាសាខ្មែរ និងឱ្យមានសុខដុមនីយកម្ម ក្នុងការប្រើប្រាស់ភាសាខ្មែរ ហើយពេលនេះ យើងជួបជុំគ្នាដើម្បីពិភាក្សាអំពីការកត់សូរភាសាខ្មែរ ដោយអក្សរឡាតាំង និងការប្រើអក្សរខ្មែរកត់សូរពាក្យក្នុងភាសាបរទេសឱ្យឯកភាពគ្នា៕