(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេសកម្ពុជាយើងមិនអាចបើកឱ្យមាន ទោសប្រហារជីវិតឡើងវិញនោះទេ។
ថ្លែងក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅព្រឹកទី២៦ ខែមិថុនា សម្តេចក្រឡាហោម ស ខេង បានពន្យល់ថា មូលហេតុដែលប្រទេសកម្ពុជា គ្មានទោសប្រហារជីវិត ព្រោះប្រទេសនេះ ធ្លាប់មានប្រវត្តិសាស្ត្រឈឺចាប់ ដោយសារសង្គ្រាម ការបែកបាក់ និងការកាប់សម្លាប់ជាដើម។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់សមត្ថកិច្ច មិនត្រូវធ្វើសកម្មភាពបន្ថូរបន្ថយ ទៅលើអ្នករកស៉ីជួញដូរគ្រឿងញៀននោះទេ បើទោះបីជាប្រទេសកម្ពុជា គ្មានទោសប្រហារជីវិតក៏ដោយ។ សម្តេចព្រមានថា ប៉ុន្តែបើសិនជាសមត្ថកិច្ចណា នៅតែកាងពីក្រោយសកម្មភាពគ្រឿងញៀននេះ នឹងធ្វើឱ្យអន្តរាយដល់ខ្លួនជាមិនខានឡើយ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំបន្ថូរបន្ថយនេះ ជាពាក្យទី៣។ តាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ដោយសារប្រវត្តិសាស្ត្រ សង្រ្គាម និងការបែកបាក់ ការកាប់សម្លាប់ យើងបានដកទោសប្រហារជីវិតចេញ មិនឲ្យមាននោះទេនៅក្នុងសង្គមកម្ពុជា ទោះបទល្មើសណាក៏ដោយ។ ដូច្នេះបទល្មើសគ្រឿងញៀន ក៏អត់មានដល់ប្រហារជីវិតដែរ»។
សម្តេចបន្តថា «បើយើងប្រៀបធៀបជាមួយបណ្តាប្រទេសមិត្តភក្តិ នៅក្នុងតំបន់ ឬក៏ជាប់ភូមិផងរបងជាមួយយើង គឺមិនដូចគ្នាទេ។ និយាយយ៉ាងដូច្នេះ មិនមែនបានន័យថា យើងចង់បានទោស ប្រហារជីវិតវិញនោះទេ មិនអាចទៅរួចទេ ព្រោះរដ្ឋធម្មនុញ្ញបានចែងដូច្នេះហើយ ក៏ប៉ុន្តែមិនមែនបានសេចក្តីថា បើគ្មានទោសប្រហារជីវិត យើងចេះតែប្រថុយប្រថាន ប្រព្រឹត្តបទល្មើសនេះ នោះក៏អន្តរាយដែរ ដល់ខ្លួនយើង ដល់ក្រុមគ្រួសារយើង ដល់សង្គមជាតិយើងផងដែរ»។
បើតាមសម្តេចក្រឡាហោម ស ខេង ការបន្ថូរបន្ថយដែលសម្តេចចង់បញ្ជាក់នោះ គឺការធ្មេចភ្នែកពីអាជ្ញាធរមានសមត្ថកិច្ច ដែលបានបើកឱ្យមានសកម្មភាពជួយដូរគ្រឿងញៀន ដោយមិនចាត់វិធានការអ្វីសោះ។
សម្តេចថ្លែងថា «អញ្ចឹងបន្ថូរបន្ថយនេះ តាមរយៈអ្វី? វាអាចតាមរយៈអន្តរាគមន៍ ឬក៏សមត្ថកិច្ចរបស់យើងធ្មេចភ្នែក ឱ្យដំណើរការអញ្ចឹងទៅ មិនព្រមចាត់វិធានការដើម្បីបង្ក្រាប។ អាហ្នឹងចាត់ទុកថា គឺជាការបន្ថូរបន្ថយមួយ ដែលនេះជាបញ្ហា»៕