(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលបាននូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំណើទទួលបានព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំង មុខងារជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើមុខងារបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ក្នុងនាមសាកលវិទ្យាធិការរង នាយក នាយករងមហាវិទ្យាល័យទាំង៥ នាយក នាយករងមជ្ឈមណ្ឌលទាំង៣ យោធាចារ្យនិស្សិត និងសិក្ខាកាមទាំងអស់ នៃសាកលវិទ្យាល័យ ការពារជាតិ មានបិតិសោមនស្ស រីករាយរំភើបឥតឧបមា និងសូមអបអរសាទរយ៉ាងក្រៃលែងក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី ទទួលភារកិច្ចមួយថ្មីទៀត សក្តិសមទៅនឹងសកម្មភាព យ៉ាងច្រើនឥតគណនាវិរៈភាព និងពលីកម្មយ៉ាងធំធេងរបស់ឯកឧត្តម ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ក្នុងនាមរូបខ្ញុំ ជាអតីតៈប្រធានគណៈបញ្ជាការសមរភូមិចងចាំថា ឯកឧត្តមនាយឧត្តមសេនីយ៍ បានណែនាំយើងខ្ញុំទាំងអស់គ្នា អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងប្រើបការពារជាតិ ដោះស្រាយរាល់តម្រូវការជាក់ស្តែង របស់កងកម្លាំងក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់តាក្របីចាប់តាំងពីព្រឹត្តការណ៍ ឆ្នាំ២០០៨មកដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិ និងប្រជាជន។
ជាទីបញ្ចប់ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាសោមនស្សរីករាយសារជាថ្មីម្តងទៀត និងសូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ
ជូនឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្ដការណ៍សង្គ្រាមរវាងខ្មែរ-ថៃ កាលពីជាង១០ឆ្នាំមុន គេសង្កេតឃើញថា នាយឧត្ដមសេនីយ៍ ជា តារា និងនាយឧត្ដមសេនីយ៍ គន់ គីម តែងតែមានវត្ដមានជានិច្ចនៅលើសមភូមិ ដើម្បីដឹកនាំកម្លាំង បញ្ជាវាយបកត្រឡប់ទៅវិញ ជាមួយទាហានរបស់ថៃ រហូតទទួលបានជ័យជំនះ គឺជាការតស៊ូ និងមានអនុស្សាវរីយ៍ជូរចត់ជាមួយគ្នា លើកិច្ចការពារមរណភាពទឹកដីប្រទេសកម្ពុជា ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕