(ព្រះសីហនុ)៖ ឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានបណ្តាលឲ្យហាងតូចមួយ របស់ជនជាតិជប៉ុនឈ្មោះ «កូកៃ» មានទីតានៅជាប់អាគារនោះ ត្រូវបំផ្លាញខ្ទេចខ្ទីទាំងស្រុង ប៉ុន្តែសំណាងល្អប្រពន្ធកូន និងបុគ្គលិក ស្នាក់នៅក្នុងហាងមួយគ្រួសារទៀត បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ករណីបាក់រលំអាគារកំពស់៧ជាន់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សរងរបួស និងស្លាប់សរុបចំនួន៥៤នាក់។ ក្នុងនោះ ស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសធ្ងន់ស្រាលចំនួន២៦នាក់ (ស្រី០២នាក់)។
ហេតុការណ៍បាក់រលំអាគារខាងលើនេះ តាមការកត់សំគាល់ គឺមានភោជនីយដ្ឋានមួយកន្លែង របស់ជនជាតិជប៉ុនមួយគ្រួសារ ក៏ត្រូវអាគារ៧ជាន់នោះ បាក់រលំសង្កត់លើខូចខាតទ្រព្យ សម្បត្តិទាំងស្រុង។
បុរសម្ចាស់ហាងជនជាតិជប៉ុនរូបនោះ បានឲ្យដឹងថា ហាងរបស់គាត់ មានរបងជាប់ជញ្ជាំងអាគារបាក់រលំនោះ ហើយនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុបាក់រលំអគារ ៧ជាន់នោះ គឺគ្រួសារគាត់ចំនួនបីនាក់ប្តីប្រពន្ធកូន និងបុគ្គលិករស់នៅមួយគ្រួសារទៀត មានចំនួនបីនាក់ប្តីប្រពន្ធកូន ក៏បានសំរាកនៅក្នុងហាងជុំគ្នាទាំងអស់ ក្នុងអំឡុងពេលរលំបាក់អាគារនោះ។
ជនជាតិជប៉ុនរូបនេះបន្តថា ថ្ងៃកើតហេតុបាក់រលំអាគារនោះ ពួកគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែគ្រាន់តែមានរបួសស្នាមតិចតួច ព្រោះក្រោយពេលអាគារបាក់សង្កត់នោះ គឺនៅមានប្រហោងតូចមួយអាចឲ្យពួកគាត់វារ ឬលូនចេញមកខាងក្រៅ ដោយខ្លួនឯងបាន ដោយមិនចាំមានក្រុមមន្ត្រីជួយសង្គ្រោះទេ។
បុរសជនជាតិជប៉ុនរូបនោះមានឈ្មោះ Tomotaka Arai មានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងឈ្មោះ ក្រូច សុធា មាន ភរិយា និងកូនម្នាក់ ជាបុគ្គលិកហាង ក៏មិនមានគ្រោះថ្នាក់អ្វីឡើយ ពោលគឺបានរួចផុតជីវិត បន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋាន របស់គាត់។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ថា ក្នុងហេតុការណ៍បាក់អាគារនេះ គឺជនជាតិជប៉ុន ដែលមានហាងនៅជាប់កន្លែងកើតហេតុ មានសមាជិកចំនួន៣នាក់ បានរត់ចេញទាន់ពេល មិនមានគ្រោះថ្នាក់នោះទេ ប៉ុន្ដែហាង និងសម្ភារផ្សេងៗត្រូវបានបំផ្លាញទាំងស្រុង។
សម្រាប់ហេតុការណ៍នោះ គេមិនទាន់ដឹងថា តើម្ចាស់ហាងជនជាតិជប៉ុនរូបនេះ នឹងទទួលបានសំណងអ្វីខ្លះនៅឡើយទេ ព្រោះដោយសារទំហំ នៃការខូចខាត របស់ម្ចាស់ហាងជនជាតិជប៉ុនរូបនេះក៏មានចំនួនច្រើនដែរ។
ផ្តើមពីបញ្ហានេះ បុរសជនជាតិជប៉ុន ដែលជាម្ចាស់ភោជនីយដ្ឋានឈ្មោះ «គូកៃ» បានបង្ហាញអារម្មណ៍ស្រងូតស្រងាត់ថា គ្រួសារគាត់បីនាក់ប្តីប្រពន្ធកូន និងបុគ្គលិកគ្រួសារជនជាតិខ្មែរមួយគ្រួសារ រស់នៅជាមួយមានសមាជិកចំនួនបីនាក់ប្តីប្រពន្ធកូនទៀត ហាក់ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បំភ្លេចចោល ខណៈហាងលក់អាហារ ក៏ដូចជាគ្រួសារគាត់ និងបុគ្គលិក ក៏ជាជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់ បាក់សង្កត់ពីលើដូចគ្នាជនរងគ្រោះដទៃទៀតដែរ។
លោកថា ហាងរបស់គាត់ ក៏បានត្រូវអាគារកម្ពស់៧ជាន់ បានដួលរលំសង្កត់លើបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិទាំងស្រុង ហើយថា ពេលកើតហេតុនោះ បុរសជនជាតិជប៉ុនជាម្ចាស់ហាងមានប្រពន្ធកូន និងបុគ្គលិកខ្មែរប្តីប្រពន្ធកូនតូច ក៏កំពុងដេកលង់លក់នៅទីនោះដែរ ប៉ុន្តែជាសំណាងល្អ បានរួចផុតជីវិតពីហេតុការណ៍នោះ ដោយលូនចេញពីទីនោះទាំងភ័យតក់ស្លុត។
បុរសជនជាតិជប៉ុនរូបនោះបន្តថា ភោជនីយដ្ឋានគាត់មានឈ្មោះ «គូកៃ» និងមានឈ្មោះ TOMO TAKA ARRI អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះYU KO អាយុ ៤៦ឆ្នាំ និង កូនឈ្មោះ YU TO អាយុ១៤ឆ្នាំ រួមនឹងបុគ្គលិកជនជាតិខ្មែរពីរនាក់ប្ដីប្រពន្ធ និងកូនតូចម្នាក់ផងដែរ (មិនបានប្រាប់ឈ្មោះ) រហូតមកដល់ពេលនេះ ពួកគាត់មិនទាន់បាត់ការភ័យតក់ស្លុតនៅឡើយទេ បន្ទាប់ពីព្រឹត្តិការណ៍ដួលរលំអគារចិនកម្ពស់៧ជាន់ ដួលរលំសង្កត់មកលើហាងលក់អាហាររបស់គាត់។
ជនជាតិជប៉ុនរូបនេះបម្ថែមថា ពួកគាត់ក៏ជាជនរងគ្រោះដែរ តែគ្មានអ្នកសួរនាំគ្រួសារគាត់ និងជួយឧបត្ថម្ភដល់ពួកគាត់ទេ គឺជួយតែអ្នករងគ្រោះ ដែលនៅក្នុងអាគារបង្កហេតុតែប៉ុណ្ណោះ ហើយពេលនេះគ្រួសារគាត់ និងបុគ្គលិកបានបាត់មុខរបរចិញ្ចឹមជីវិតទាំងស្រុង។
លោក TOMO TAKA ARRI បានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលជាថ្ងៃនៃការបិទបញ្ចប់ប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ជាប់ក្នុងអាគារ៧ជាន់ដួលរលំនោះ ពួកគាត់មានការតូចចិត្តយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដែលមិនបានសួរនាំពួកគាត់ ដែលរងគ្រោះដែរ ប៉ុន្តែមិនឃើញមានមន្ត្រីណាម្នាក់ មកយកឈ្មោះពួកគាត់ ដែលរងគ្រោះថ្នាក់ដោយអាគារបាក់សង្កត់ ដើម្បីយកទៅចុះក្នុងបញ្ជីអ្នករងគ្រោះផងទេ។ បុរសជប៉ុនរូបនេះបន្តត្អូញត្អែថា គ្រួសារគាត់ ក៏មិនមែនជាអ្នកមានលុយកាក់ធូរធានោះទេ ដោយគ្រួសារគាត់ គ្រាន់តែជាអ្នករកស៊ី និងជួលផ្ទះគេបើកហាងតូចមួយ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ បុរសជនជាតិជប៉ុនរូបនោះ បានលើកដៃសំពះអំពាវនាវដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជួយសម្រួលដល់ររស់នៅ របស់ពួកគាត់ក្នុងគ្រាជួបការលំបាកខ្វះខាតនេះដោយអនុគ្រោះផង។
ទោះយ៉ាងនេះក្តី បន្ទាប់ពីបានទទួលដំណឹងថា មានគ្រួសារជនជាតិជប៉ុនមួយគ្រួសារ ក៏បានរងគ្រោះ និងគ្មានជម្រករស់នៅដោយអាគារបាក់រលំសង្កត់នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ ជនជាតិជប៉ុនមួយគ្រួសារនោះ ដោយបាននាំយកគ្រឿងអាហារហូបចុក និងថវិកាមួយចំនួនទៅផ្តល់ជូនពួកគាត់។
ក្នុងនោះមានអង្ក ទឹកត្រី គ្រឿងឧបភោគបរិភោគជាច្រើនទៀត ព្រមទាំងថវិកាមួយចំនួន ដែលទទួលបានពីសប្បុរសជននានា ទៅផ្តល់ជូនដល់ គ្រួសារជនជាតិជប៉ុនមួយគ្រួសារនោះ ដើម្បីចែករំលែកទុក្ខលំបាកក្នុងគ្រាអាសន្ន។ ជាងនេះទៀត លោកអភិបាលខេត្ត ក៏បានឲ្យមន្ត្រីនាំយកគ្រួសារជប៉ុន មួយគ្រួសារនោះឲ្យមករស់ នៅក្នុងអាគារផ្ទះសំណាក់ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ជាបណ្តោះអាសន្នសិន ដោយរងចាំដំណោះស្រាយនៅពេលក្រោយទៀត៕