(ភ្នំពេញ)៖ ដើម្បីជាកញ្ចក់ ឆ្លុះបញ្ចាំ និងពិចារណាលើសេចក្ដីក្នុងសិលាចារឹកដែលបង្ហាញរឿងរ៉ាវ ព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងព្រះមហាក្សត្រ ព្រះមហេសី ព្រះបាទជ័យវរ្ម័នទី៧នោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា បានប្រកាសថា លោកនឹងស្ថាបនាបដិមាព្រះនាងឥន្ទ្រទេវី សម្រាប់តម្កល់ក្នុងអគារឥន្ទ្រទេវី ដែលនឹងសាងសង់រួចរាល់ នាពេលដ៏ខ្លីខាងមុខ ដើម្បីបង្ហាញពីវរៈនារីខ្មែរ សម័យអង្គរដល់កូនខ្មែរជំនាន់ក្រោយចងចាំ និងទុកជាគំរូវីរភាព។
ការប្រកាសបែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញបិទសិក្ខាសាលាស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី»។ តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិន និងកិច្ចពិភាក្សាតុមូលបានបង្ហាញថា ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី អាចធ្វើទៅបានតាមរយៈសេចក្ដីដែលចារក្នុងសិលាចារឹក ចម្លាក់នៅតាមប្រាសាទនានា ដែលកសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពិសេសចម្លាក់នៅប្រាសាទបាយ័ន គ្រឿងលម្អ គ្រឿងអលង្ការគ្រង ដោយព្រះមហាក្សត្រ និងព្រះមហេសី ព្រមទាំងកាយវិការ និងលក្ខណៈធម្មជាតិនៃចម្លាក់ផងដែរ។
បើតាមលោកបណ្ឌិត សុខ ទូច បានបង្ហាញទស្សនផ្ទាល់ខ្លួនថា បទបង្ហាញបានពិចារណាលើសេចក្ដីក្នុងសិលាចារឹកដែលបង្ហាញរឿងរ៉ាវ ព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធនឹងព្រះមហាក្សត្រ ព្រះមហេសី ដូចគ្នានឹងចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ និងប្រាសាទខ្លះៗទៀតកសាង ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ហើយក៏បង្ហាញផងដែរថា សិលាចារឹកមិនបានចារពីព្រឹត្តិការណ៍ ឱ្យបានច្រើន ដូចចម្លាក់នៅលើជញ្ជាំងទេ។ ដូច្នេះហើយចម្លាក់នៅលើជញ្ជាំងប្រាសាទជាទិន្នន័យយ៉ាងសំខាន់មួយ សម្រាប់សិក្សាវិភាគកំណត់បដិមា តំណាងព្រះនាងឥន្ទ្រទេវី។
លោកបណ្ឌិត សុខ ទូច បានបន្តថា តាមរយៈសិក្ខាសាលាក៏រឹតតែបង្ហាញកាន់តែច្បាស់ពីគ្រឿងអលង្ការ ដែលជាភស្ដុតាងបញ្ជាក់ពីសេដ្ឋកិច្ច ភាពថ្កុំថ្កើនក្នុងសង្គម ពិសេសគឺឆ្លុះបញ្ចាំងពីតួនាទី របស់បុគ្គលដែលប្រើប្រាស់វត្ថុទាំងនោះនៅក្នុងសង្គម។ គ្រឿងអលង្ការដែលអង្គសិក្ខាសាលា បានបង្ហាញ ដែលព្រះមហេសី ប្រើប្រាស់មានដូចជាមកុដកំពូលប្រាំ មុក្ដាហារ (ខ្សែករ) សង្វារ (ខ្សែពាក់ឈាង) កម្រងផ្កា ក្បាច់លម្អសំពត់ និងគ្រឿងផ្សេងៗទៀតដែលជាវត្ថុពិសេសសម្រាប់តែព្រះមហេសីរបស់ព្រះមហាក្សត្រខ្មែរ ដែលមិនអាចនារីមានតួនាទីត្រឹមស្នំ ឬនារីបម្រើការក្នុងរាជវាំងពាក់គ្រឿងទាំងនោះបានទេ។ ម៉្យាងទៀត ភាពខុសគ្នារវាងព្រះមហេសី និងបដិមាភេទស្រីផ្សេងៗទៀត អាចបង្ហាញយ៉ាងច្បាស់តាមរយៈគ្រឿងអលង្ការទាំងនេះ។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបន្ថែមទៀតថា ចំពោះភាពខុសគ្នារវាងបដិមាព្រះនាងឥន្ទ្រទេវី និងបដិមាព្រះនាងជ័យរាជទេវី ដែលសុទ្ធតែជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ អង្គសិក្ខាសាលាក៏បានបង្ហាញយ៉ាងជាក់ច្បាស់ តាមរយៈការពិចារណាវែកញែកស៊ីជម្រៅផងដែរ។ តាមរយៈសមាសភាពវាគ្មិន វាគ្មិនសម្របសម្រួល និងអ្នកចូលរួមផ្តល់មតិយោបល់ មកពីស្ថានប័នជំនាញធំៗ ដែលសុទ្ធសឹងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកជំនាញពោរពេញដោយបទពិសោធន៍ និងចំណេះដឹង។
បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ឆ្លើយតបនឹងលទ្ធផលការងារស្រាវជ្រាវ របស់រាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសំណង់អគារចំនួនពីរ ដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្នុងនោះមួយត្រូវបានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» ដោយព្រះនាងជាអ្នកនិពន្ធ ជាសាស្ត្រាចារ្យ និងជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជា ចក្រពត្រាធិរាជ នៃអាណាចក្រខ្មែរក្នុងសម័យមហានគរដ៏រុងរឿង។
តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវីមានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង្រៀនស្រ្តីជាច្រើនក្រុមនៅតាមអាវាសដូនជីជាច្រើនកន្លែង។ ព្រះនាងឥន្រ្ទទេវីមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើនលើសលប់ដល់ប្រជានុរាស្រ្ត និងក្នុងផ្លូវសាសនា។ ព្រះនាងឥន្រ្ទទេវីបានបញ្ជាឱ្យកសាងព្រះបដិមាជាច្រើនតំណាងឱ្យព្រះនាងជ័យរាជទេវី និងព្រះបាទជ័យវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅគ្រប់ខេត្តទាំង២៣។ នេះបញ្ជាក់ឱ្យឃើញថា ព្រះនាងឥន្ទ្រទេវីមានប្រាជ្ញាវាងវ៉ៃ និងចំណេះដឹងខាងភាសាសាស្ត្រ និងអក្សរសាស្រ្តយ៉ាងជ្រៅជ្រេះ។
លោកបណ្ឌិត យង់ ពៅ បាន បន្ថែមទៀតថា កន្លងមកអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិបានសិក្សាស្រាវជ្រាវលើវិស័យបដិមាសាស្រ្ត ហើយបានបង្ហាញ ពីបដិមាជាច្រើន ក្នុងប្រវត្តិសិល្បៈខ្មែរ ពិសេសចាប់ពីសតវត្សទី៩ ដល់សតវត្សទី១២ ដែលគេប្រទះឃើញនូវបដិមារូបទេពទាំងឡាយ ដែលមនុស្សម្នាគោរពបូជា។ នៅភាគទី៤ នៃសតវត្សទី១២ បដិមាស្នងត្រូវបានអ្នកស្រាវជ្រាវអាចកំណត់បាន ជាពិសេសគឺបដិមា នៃព្រះបាទជ័យវរ្ម័នទី៧។
ចុះក្រៅអំពីព្រះបាទជ័យវរ្ម័នទី៧ តើគ្មានព្រះរាជាណា ឬបុគ្គលណាមានបដិមាស្នងទេឬ? លោក George Coedes ជាអ្នកប្រាជ្ញខាងសិលាចារឹក ដ៏ល្បីល្បាញបានបង្ហាញសម្មតិកម្មថា ព្រះនាងជ័យរាជទេវីក៏មានបដិមាស្នងដែរ ប៉ុន្តែលោកមិនបានបង្ហាញថាព្រះនាងឥន្រ្ទទេវី មានបដិមាស្នងនោះទេ៕