(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព» ត្រូវបានប្រារព្ធធ្វើនៅសួនមានជ័យ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានតំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងកម្មវិធីនេះ ក៏អមដំណើរដោយលោក អ៊ុ រាត្រី អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព នៃគណៈកម្មាធិការត្រួតពិនិត្យខេត្ត ក្រុង ស្រុកជុំវិញខេត្តបន្ទាយមានជ័យ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម សិស្សនុសិស្ស និងអ្នកពាក់ព័ន្ធជាង ៣០០០នាក់។
លោក អោម ចន្ថា អភិបាលរងខេត្ត បានស្វាគមន៍ និងបង្ហាញពីការខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។
លោក អ៊ុ រាត្រី បានកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ក៏ដូចជា វិស័យឯកជន សាសនា និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចពាក់ព័ន្ធ រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល និងបានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រទេសសមាជិកអង្គការសហប្រជាជាតិ ក្នុងន័យគិតគូរពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តែងបានចូលរួម និងគាំទ្រគ្រប់យន្តការ និងសកម្មភាពនានាទាំងក្នុងកម្រិតជាតិ-អន្តរជាតិ ទ្វេភាគី ត្រីភាគី អនុតំបន់ តំបន់ និងបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ឆន្ទៈ ដ៏មោះមុត និងការប្តេជ្ញាចិត្តដ៏ហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយឱ្យខាងតែបាននូវរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ក្នុងឱកាសនោះដែរថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអរព្រះគុណ និងអរគុណកោតសរសើរដោយស្មោះចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្ត និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាព ហើយមន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឱ្យបានជាដាច់ខាតនូវ កុំ៤ គឺ «កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន»៕