(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌចំការមន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១របស់ខ្លួន សំរាប់អាណត្តិទី៣ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌទាំង ១៧រូប ក្រោមវត្តមាន លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងមានការចូលរួមពីគណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង ២ ចៅសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ព្រុំ សំខាន់ បានលើកឡើងថា កិច្ចប្រជុំលើកទី១នេះ គឺជាការបង្ហាញរបៀបវារៈដែលក្រុមប្រឹក្សាត្រូវអនុមត័ នៅកិច្ចប្រជុំលើកក្រោយ។ ដោយឡែក កិច្ចប្រជុំពេលនេះមិនមានការអនុម័ត ជាគោលការណ៍ ណាមួយឡើយ។
លោកប្រធានក្រុមប្រឹក្សា បានលើកឡើងនូវរបៀបវារះចំនួន៤ ដែលបានជូនក្រុមប្រឹក្សាជ្រាបនឹងពិនិត្យមុននឹងធ្វើការអនុម័តនៅកិច្ចប្រជុំលើកក្រោយ ក្នុងនោះមាន៖
*ការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០១៥ ស.ណ.ន ស្ដីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងការផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ សំរាប់រយៈពេល១២ខែ (២០១៩.២០២០) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២
*របាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់គណៈអភិបាលខណ្ឌ ក្នុងអាណត្តិទី២របស់ក្រុមប្រឹក្សាខណ្ឌ និងការងារសេសសល់, ទិសដៅការងាររយៈពេល៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ និងត្រូវអនុវត្តបន្ត។
នាឱកាសនោះដែរ លោក ថេង សុថុល បានលើកឡើងពីស្នាដៃការងាររបស់រដ្ឋបាលខណ្ឌចំការមន ក្នុងអាណត្តិទី២ របស់ក្រុម ក្រុមប្រឹក្សាលើការ អភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ពន្ធ័មូលដ្ឋាន, ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារទប់ស្កាត់បទល្មើសផ្សេងៗដើម្បីធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាពជាមួយនឹងការដាក់ទិសដៅការងាររយៈពេល៣ខែបន្ត ក្នុងអាណត្តិទី៣ផងដែរ៕