(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រី ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សប្បុរស់ជននានា ដែលបានផ្តល់ជូនចូលទៅក្នុងធុងមូលនិធិមនុស្សធម៌ ក្នុងរយៈពេលបីថ្ងៃ នាកន្លែងកើតហេតុ យកទៅឧបត្ថម្ភជូនជនរងគ្រោះពីការបាក់រលំអគារ ក្នុងក្រុងព្រះសីហនុ នាវេលាជិតភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
នាទន្ទឹមគ្នានេះ លោក យន្ត មីន និងភរិយា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ថវិកាចែកជូនអ្នកជំងឺផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។
ថវិកាដែលលោក យន្ត មីន ក្នុងនាមរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកទៅឧបត្ថម្ភជូនអ្នករងរបួសពីហេតុការណ៍បាក់រលំអគារ គឺសម្រាប់គ្រួសារអ្នកស្លាប់ចំនួន ២៨នាក់ ក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ១ពាន់ ៥រយដុល្លារសហរដ្ឋអាមេរិក និងអ្នករងរបួសទទួលចំនួន ២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ពាន់ដុល្លារអាមេរិក។
ចំណែកអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺទទួលបានថវិកាឧបត្ថម ក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល៕