Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអាកាសធាតុ

27-06-2019 11:05

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ជ្រលងសម្ពាធទាបនៅបន្តអូសបន្លាយលើកម្ពុជា ខណៈដែលខ្យល់មូសុងនិរតី បានបង្កើនឥទ្ធិពល ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

១៖ ខេត្តនៅជាប់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន គួបផ្សំនឹងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

២៖ ដោយសារមានឥទ្ធិពលហ្វឺនធ្វើឲ្យបណ្តារាជធានី និងខេត្តមួយចំនួនដូចជា ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ និងកំពត ភ្លៀងអាចធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

៣៖ ចំពោះបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម និងភាគពាយព្យខាងជើង និងឦសាន នឹងអាចមានភ្លៀងក្នុងកម្រិត ពីមធ្យមទៅបង្គួរ ទន្ទឹមនេះ កន្លែងខ្លះអាចមានភ្លៀងខ្លាំង។

៤៖ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមាន។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យសាធារណជនពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕