(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញណែនាំឱ្យមន្ត្រីក្រោមឱវាទ និងក្រុមការងារជំនាញ ត្រូវរៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនទូទៅឱ្យបានយល់ដឹងពីហានិភ័យនានា ដែលបង្កឡើងដោយសារធាតុអាសបេស្តុស។
ការជំរុញការងារខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
តើសារធាតុអាសបេស្តុសជាអ្វី ហើយបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស?
នាឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី លោក អ៉ិត សំហេង បានពន្យល់ថា «អាសបេស្តុស ពិតជាមានប្រយោជន៍ច្រើនចំពោះវិស័យឧស្សាហកម្ម ដោយសារវាធន់រឹងមាំ ប៉ុន្តែវាក៏បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្ស តាមរយៈការដកដង្ហើម ហើយភាគច្រើនបណ្តាលឱ្យកើតជំងឺ មានជាអាទិ៍មហារីកសួត មហារីកស្រោមសួត មហារីកស្បូន ដុំក្នុងសួត រលាកសួត ស្រោមសួតក្រាស ត្បៀតទងសួត ជំងឺប្រព័ន្ធផ្លូវដង្ហើម និងរហូតដល់កើតជំងឺមហារីកបំពង់អាហារ មហារីកក្រពះ និងមហារីកពោះវៀនទៀតផង»។
តាមរយៈការរៀបចំពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជានេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជា។
លោក អ៉ិត សំហេង បានណែនាំថា ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជានេះ ត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាព សំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុស។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់អង្គការដៃគូអភិវឌ្ឍនានា រួមមាន៖ ទីភ្នាក់ងារសុវត្ថិភាព និងការលុបបំបាត់សារធាតុអាសបេស្តុនៃប្រទេសអូស្រ្តាលី អង្គការអាហ្វីដា អង្គការ ILO/Japan និងអង្គការសុខភាពពិភពលោក (WHO) បន្តជួយគាំទ្រកម្ពុជាឱ្យមានលទ្ធភាពរៀបចំឱ្យទៅជាផែនការសកម្មភាពនានា ឈានទៅការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់នូវរាល់ហានិភ័យទាំងឡាយ ដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ។
ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយ ដូចបានលើកឡើងខាងលើ ជំហានដំបូង លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារនេះ រៀបចំចងក្រងឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល ផ្សព្វផ្សាយដល់និយោជក កម្មករនិយោជិត និងមហាជនបានយល់ជ្រួតជ្រាបពីហានិភ័យ ដែលបង្កឡើងដោយសារធាតុអាសបេស្តុសនេះ៕