(ស្វាយរៀង)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការ និងប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនទាំងឡាយណា ដែលបានអនុញ្ញាតឱ្យជនពិការចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។
ការលើកឡើងបែបនេះរបស់លោក ហោ សារុន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ ក្នុងវិស័យទេសចរណ៍» ដែលសហការរៀបចំដោយក្រុមការងារ សកម្មភាពជន មានពិការភាព ក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកបានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន មានពិការភាព និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលចំពោះជនមានពិការភាពផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញ តែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញា ដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។
ជាមួយគ្នានេះដែរលោក ហោ សារុន បានបន្តថា កម្ពុជាបានធ្វើវិនិយោគលើវិស័យពិការភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រទេសកម្ពុជា បានដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាឱកាស ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព ជាពិសេសការផ្តល់ដីសម្បទានសង្គមកិច្ច និងការគាំទ្រដល់ការស្តារឡើងវិញ នូវរូបកាយសម្រាប់ជនមានពិការភាព។ មន្ទីរទេសចរណ៍ត្រូវជំរុញការងារនេះ ឱ្យបានកាន់តែប្រសើរថែមទៀតត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរ លើកទឹកចិត្តដល់ម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយ ដល់ការកាត់បន្ថយភាពក្រីក្រ ជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាជនមានពិការភាពមួយរូបអាចដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងបានគាំទ្រយ៉ាងខ្លាំង ដោយចាត់ទុកពិការភាពជាការងារអាទិភាពមួយ និងបានដាក់បញ្ចូលពិការភាពទៅគ្រប់វិស័យរួមទាំង៖ ការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិតវប្បធម៌ ការកំសាន្ត កីឡា និងយេនឌ័រ។ ជាក់ស្តែងកិច្ចការទាំងនេះ ត្រូវបានបង្ហាញនៅក្នុងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពរយៈពេល ៥ឆ្នាំ។ ការលើកកម្ពស់វិស័យពិការភាព និងការបង្កើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេចាត់ទុកថាជាគោលនយោបាយលើកទឹកចិត្តមួយ ដែលត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ដោយរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបន្តថា រាជរដ្ឋាភិបាលបានប្តេជ្ញាជ្រើសរើសជនមានពិការភាព ដើម្បីធ្វើការនៅក្នុងស្ថាប័ន របស់ក្រសួងចំនួន ២%។ ដើម្បីធានា នូវការដាក់បញ្ចូល និងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព ក្នុងវិស័យបច្ចេកវិទ្យានិងអាយស៊ីធីកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យស្តីពី ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់យុវជន ដែលមានពិការភាពដែលទទួលជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។
ជាក់ស្ដែងក្នុងឆ្នាំ២០១៤ កន្លងទៅ មេដាយមាស លំដាប់មេដឹកនាំព័ត៌មានវិទ្យាមកពី Global IT Challenge (GITC) នៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រគល់ជូនយុវជនពិការកម្ពុជា។ ជាក់ស្តែង ជ័យលាភីមួយចំនួនត្រូវបានលើកទឹកចិត្តឱ្យធ្វើជាមន្រ្តីរាជការ នៅក្នុងស្ថាប័នរដ្ឋាភិបាល។ សម្រាប់ការអប់រំបញ្ចូលគ្នា កម្ពុជាបានបោះពុម្ពសៀវភៅសម្រាប់សិស្សដែលពិការភាព ទាំងអក្សរស្ទាប និងអក្សរភាសាសញ្ញាគ្រប់កម្រិត។ ប្រទេសកម្ពុជា បានបង្កើតគោលនយោបាយ ស្តីពីការអប់រំបញ្ចូលគ្នាដែលធានាថា ជនមានពិការភាព អាចទទួលបាននូវគុណភាពអប់រំ ប្រកបដោយសមធម៌ និងឱកាសសម្រាប់ការរៀនសូត្រពេញមួយជីវិត។
លោក ហោ សារុន បានបញ្ជាក់ថា ដើម្បីផ្តល់ស្តង់ដារសុខភាពខ្ពស់បំផុតសម្រាប់ជនមានពិការភាព កម្ពុជាបានបង្កើតក្របខណ្ឌគោលនយោបាយ ការគាំពារសង្គម ដែលគោលនយោបាយនេះនឹងបន្តអនុវត្តគម្រោងប្រាក់ឧបត្ថម្ភ សម្រាប់ជនមានពិការភាពនៅថ្នាក់សហគមន៍ ដោយផ្តោតទៅលើជនមានពិការភាពដែលជាសមាជិកគ្រួសារដែលមានបណ្ណក្រីក្រ។ ជនមានពិការភាពបានសេវាថែទាំសុខភាព និងការព្យាបាលពីមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ថ្លៃម្ហូបអាហារ និងថ្លៃធ្វើដំណើរក្នុងកំឡុងពេលព្យាបាល។
និយាយជារួមកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើកកម្ពស់សុខុមាលភាពជនមានពិការភាព ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្របតាមការអនុវត្តន៍របៀបវារៈឆ្នាំ ២០៣០។
ក្រសួងទេសចរណ៍បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២% នៃចំនួនមន្ត្រីរាជការសរុប និងខិតខំជំរុញឱ្យផ្នែកឯកជន នៃវិស័យទេសចរណ៍ ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ឡើងទៅ ត្រូវមានជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារ ក្នុងអត្រាកំណត់១% នៃចំនួនកម្មករ និយោជិតសរុប៕