(ចិន)៖ មូលនិធិ Jack Ma របស់មហាសេដ្ឋីចិន នៅថ្ងៃពុធនេះបានចាប់ផ្តើមផ្តល់មូលនិធិមួយ នៅតំបន់ស្វយ័តទីបេ ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន ដោយសន្យានឹងផ្តល់ប្រាក់ យ៉ាងហោចណាស់១០០លានយ័ន (ប្រមាណ១៤.៦លានដុល្លារអាមេរិក) ដើម្បីជួយបណ្តុះបណ្តាលគ្រូបង្រៀន និងគាំទ្រដល់ការអភិវឌ្ឍន៍ វិស័យអប់រំ នៅក្នុងតំបន់មួយនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៦ ខែមិថុនានេះ។
មូលនិធិនេះ នឹងជួយកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនមួយ នៅមហាវិទ្យាល័យ Lhasa Teachers College និងផ្តល់ជំនួយទ្រទ្រង់ ដល់សិស្សសាលាចំនួន៨០០នាក់, គ្រូបង្រៀន១,៤០០នាក់ និងនាយកសាលាចំនួន១,០០០នាក់ នៅតំបន់ទីបេ ក្នុងរយៈពេល១០ឆ្នាំ, នេះបើតាមសម្តី លោក យូ ស៊ីហុង លេខាប្រតិបត្តិមូលនិធិ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
លោក យូ បន្ថែមថា មូលនិធិនេះ នឹងជួយដល់ក្រុមគ្រូបង្រៀន នៅមហាវិទ្យាល័យ Lhasa Teachers College អាចចូលរួមកម្មវិធីបណ្តុះបណ្តាល នៅក្នុងសាលារៀនធម្មតាបាន ក្នុងខេត្តដទៃទៀត របស់ប្រទេសចិន។
គួរជម្រាបថា មូលនិធិ Jack Ma ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៤ ដោយស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស៕