(ភ្នំពេញ)៖ ដើម្បីសម្រួលមធ្យោបាយកាន់តែងាយស្រួល ដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ឬបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍នោះ ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាលើការកែសម្រួល និងកាត់បន្ថយលក្ខខណ្ឌស្មុគ្រស្មាញមួយចំនួន, នេះបើតាមលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
ក្រោយបញ្ចប់ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី កំណែទម្រង់ថ្មីៗនៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ លោក ណេប សាមុត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការធ្វើកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍នេះ មិនមែនជាកិច្ចការងារថ្មីនោះទេ ពោលគឺក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកែទម្រង់ការងារនេះ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយបានដាក់ដំណើរការការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈគេហទំព័រ www.cambodiatourismindustry.org។
លោកបានបន្តថា ប្រតិបត្តិករទេសចរណ៍មិនចាំបាច់មកដល់ទីស្ដីការក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ ដើម្បីស្នើសុំអាជ្ញាបណ្ណទេសចរណ៍នោះឡើយ គឺគ្រាន់តែបើកុំព្យូទ័ររបស់ខ្លួន ហើយចូលទៅកាន់គេហទំព័ររបស់ក្រសួងទេសចរណ៍ ដោយបំពេញលក្ខខណ្ឌស្នើសុំឱ្យបានត្រឹមត្រូវ និងបង់ប្រាក់តាមការកំណត់តាមប្រព័ន្ធធនាគារ។ ធ្វើបែបនេះវាចំណេញពេលវេលា និងថវិកាធ្វើដំណើរទៅមកផងដែរ។
លោកបានបន្តទៀតថា បច្ចុប្បន្នក្រសួងសង្កេតឃើញថា ការចូលរួមស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាយ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយគិតត្រឹមឆ្នាំ២០១៩ មានអាជីវកម្មសណ្ឋាគារមានចំនួន ៨២១ (៤៧,៧៨៣បន្ទប់) ផ្ទះភ្ញៀវមានចំនួន ២,២៧០ (៣៤,១០៥បន្ទប់) ភោជនីយដ្ឋានមានចំនួន ២,៣១៦ (១៣៨,៣៩២កៅអី) ម៉ាស្សាមានចំនួន ៣៤២ (២,៩៤២គ្រែ) ទីភ្នាក់ងារទេសចរណ៍មានចំនួន ៧៣៥ (ស្នាក់ការ ៦៥២, សាខា ៨៣) មគ្គុទ្ទេសក៍ទេសចរណ៍មានចំនួន ៦,២១១នាក់ (ថ្នាក់តំបន់ ៦,០៥០នាក់ និងថ្នាក់ជាតិ ១៦១នាក់) ដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកមានចំនួន ៣៣ (១៧៤គ្រឿង) ផ្លូវទឹកមានចំនួន ២៥ (៣៦គ្រឿង)។
ក្នុងឆ្នាំ២០១៨ ចំណូលអាជ្ញាបណ្ណទេសចរណ៍សរុប ៣,៣៥២លានរៀល ដោយឡែករយៈពេល៥ខែ ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ប្រមូលចំណូលបាន ១,៧៩៣លានរៀល ស្នើនឹង ៤៨.៩៥% នៃច្បាប់ថវិកាដើមឆ្នាំ២០១៩ និងចំណូលពីចំណាត់ថា្នក់សេវាកម្មទេសចរណ៍ចំនួន ៩៥លានរៀល ស្នើនឹង ៥៤% នៃច្បាប់ថវិកាឆ្នាំ២០១៩ សម្រាប់ចំណាត់ថ្នាក់សេវាកម្មទេសចរណ៍។
លោក ណេប សាមុត បានបញ្ជាក់ថា «ទន្ទឹមនឹងកិច្ចខិតខំជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ចូលរួមស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញនេះ ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាលើការកាត់បន្ថយលក្ខខណ្ឌ នៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញនេះ សំដៅផ្ដល់ភាពងាយស្រួលថែមទៀតដល់ប្រតិបត្តិករទេសចរណ៍»។
នាឱកាសថ្លែងសន្ទរកថាបិទសិក្ខាសាលាខាងលើ លោកអគ្គនាយក ណេប សាមុត បានស្នើឱ្យមានការយកចិត្តទុកដាក់លើការងារចាំបាច់មួយចំនួន៖
១៖ ស្នើសុំឲ្យអង្គភាពទទួលបន្ទុកលើការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងទេសចរណ៍ បន្តយកចិត្តទុកដាក់ពន្លឿនការងារនេះឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមការងារកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពីព្រោះថាការគ្រប់គ្រងដោយអាជ្ញាបណ្ណ ផ្តល់លទ្ធភាពដល់អាជ្ញាធរងាយស្រួលក្នុងការតម្រង់ទិស និងជំរុញឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អាចចូលរួមដល់ការអនុវត្តស្តង់ដាគុណភាព ស្របតាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ» និងក៏ដូចជាការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។
២៖ ស្នើមន្រ្តីជំនាញជាអ្នកអនុវត្តកម្មវិធីកំណែទម្រង់នេះ ចុះអនុវត្តតាមសំណើរបស់ប្រតិបត្តិករសេវាកម្មទេសចរណ៍ អាចជាការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗតាមតំបន់ ឬតាមរាជធានី-ខេត្តដែលមានសក្កានុពលទេសចរណ៍។
៣៖ ស្នើប្រតិបត្តិករសេវាកម្មទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនទ្បាញ តាមរយៈគេហទំព័រ (www.cambodiatourismindustry.org) ដើម្បីប្រសិទ្ធភាព និងតម្លាភាពនៃការប្រើប្រាស់សេវាកម្មសាធារណៈ។
៤៖ ស្នើប្រតិបត្តិករសេវាកម្មទេសចរណ៍ ផ្តល់កិច្ចសហការជាមួយមន្រ្តីជំនាញ ដើម្បីជំរុញការងារកំណែទម្រង់នេះឲ្យឆាប់រហ័ស៕