(ភ្នំពេញ)៖ ក្រុមគ្រួសារមេ៥០ខ្នងទី១៥ ដែលរងគ្រោះ និងរបើកប៉ើងស័ង្កសីដំបូលផ្ទះ បណ្ដាលឲ្យរងការខូចខាតនៅមួយអន្លើ ដោយសារជួបគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ទទួលបានការជួយសង្គ្រោះបន្ទាន់មួយ ជាគ្រឿងឧបភោគបរិភោគ និងថវិការ ផងដែរ ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ។
ការងារនេះ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ ក្រោមការចូលរួមជាកិត្តិយស និងឧបត្ថម្ភថវិកាបន្ថែមពីលោកស្រី ទូច សារ៉ុម ក្រុមការងារចុះជួយខណ្ឌ។
ទោះបីយ៉ាងណា ក្រោយពីទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះបន្ទាន់ភ្លាមៗ លោក ឡេង ឈុន អាយុ៦៩ឆ្នាំ ដែលជាមេ៥០ខ្នងទី១៥ ភូមិមិត្តភាព សូមថ្លែងអំណរគុណយ៉ាងក្រៃលែង នូវទឹកចិត្តសប្បុរសធម៌ របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់ក្រុមគ្រួសារគាត់ នូវគ្រាកំពុងជួបហានិភ័យចំពោះមុខ ដោយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកស័ង្កសីដំបូលផ្ទះ ហើយប៉ើងមកត្រូវបណ្ដាលឲ្យរងរបួសនាពេលនេះ។
ឆ្លៀតក្នុងឱកាសបន្ទាប់ពីថ្លែងអំណរគុណនេះដែរ លោកស្រី អាន ផល្លា ជា ពិសី បាននាំនូវការផ្ដាំផ្ញើថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានរើសអើងឡើយ អំពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ សំខាន់គឺសំដៅជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះ ដោយមិនឲ្យស្លាប់ និងអត់បាយឡើយ ក្នុងពេលប្រទេសជាតិ ទទួលបានសុខសន្តិភាព ពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៌លើគ្រប់វិស័យ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕