(ព្រះសីហនុ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា យកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង ២៨នាក់ នៅតាមខេត្តដែលជាស្រុកកំណេីតរៀងៗខ្លួន ខណៈអ្នករងរបួសកំពុងសម្រាកព្យាបាលទាំង ២៦នាក់ បានទទួលរួចរាល់កាលពីថ្ងៃម្សិលមិញនេះ។
សូមបញ្ជាក់ថា ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមនូវព្រះរាជទ្រព្យចំនួន ១ម៉ឺន ដុល្លារអាមេរិករបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនក្រុមគ្រួសារអ្នកស្លាប់ទាំង ២៨នាក់ ក្នុងម្នាក់ៗ ២៥០ដុល្លារ និងអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាំង ២៥នាក់ ក្នុងម្នាក់ៗ ១០០ដុល្លារ។ ដោយឡែក អ្នករងរបួសធ្ងន់ ១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ទទួលបានថវិកាចំនួន ៥០០ដុល្លារ។
ទន្ទឹមនឹងនេះ អំណោយរបស់កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជូនគ្រួសារជនរងគ្រោះរួចរាល់ដោយក្នុងនោះ ៖
*គ្រួសារសពនីមួយៗទទួលបាន ថវិកា ៥លានរៀល អង្ករ ១២០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងទឹកសុទ្ធ ៥កេស។
* អ្នករបួសទាំង ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ទឹកដោះគោស្រស់ ២ប្រអប់ មុង១ ភួយ១ សារុង១ និងក្រមា១។
* អ្នករងរបួសធ្ងន់ម្នាក់ទទួលបាន ថវិកា ៥លានរៀល ទឹកដោះគោស្រស់ ២ប្រអប់ មុង១ ភួយ១ សារុង១ និងក្រមា១៕