(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ បានរកឃើញសំណង់គ្មានច្បាប់ ចំនួន៥កន្លែង។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ សម្តេច ស ខេង បានធ្វើឡើងក្នុងឱកាសដែល សម្ដេចជាតំណាងសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្ដិធម៌ យុត្ដិធម៌ដើម្បីសុខភាព» នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រាន់តែយប់មិញ ខ្ញុំទទួលបានព័ត៌មានពី ឯកឧត្ដម ជា សុផារ៉ា មកថាជាបឋមមាន៥កន្លែង ដែលកំពុងសាងសង់ តែអត់មានច្បាប់ទាំងអស់។ ដូច្នេះនេះជាហានិភ័យមួយធំ ហើយយើងត្រូវធ្វើអាហ្នឹងទាំងអស់ឡើងវិញ»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា សម្ដេចបានដឹកនាំត្រួតពិនិត្យ ឯកសាររដ្ឋបាលទាំងអស់ របស់ខេត្តព្រះសីហនុ ថាតើមានភាពមិនប្រក្រតីអ្វីខ្លះ បន្ទាប់មកសម្ដេចនឹងចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការផ្លូវការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ ក្រោយកើតឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គណៈកម្មការនេះ មានសមាសភាព១៥រូប ដឹកនាំដោយ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមាន នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធាន។
គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
* ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ
* ត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់
* ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម
* ធ្វើរបាយការណ៍លទ្ធផលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល
* បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕