(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទបើកកិច្ចប្រជុំមេបញ្ជាការសុខាភិបាលយោធា អាស៊ានលើកទី៩ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើន ពីកិច្ចប្រជុំដ៏សំខាន់មួយនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំព្រឹកមិញនេះ, ឧត្តមសេនីយ៍ទោ វេជ្ជ ព្រុំ សត្ថារដ្ឋ នាយករង នាយកដ្ឋាន សុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ. ហិរញ្ញវត្ថុ ក.ព.ជ នៃក្រសួងការពារជាតិ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យរៀបចំសន្និសីទ មេបញ្ជាការសុខាភិបាលយោធា អាស៊ានលើកទី៩ ក្រោមមូលបទស្តីពី «ផលបះពាល់ និងប្រសិទ្ធភាព នៃការឆ្លើយតបចំពោះគ្រោះមហន្តរាយ ក្នុងវេជ្ជសាស្រ្តយោធា»។
លោក ព្រុំ សាថារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងទទួលអត្ថប្រយោជន៍ច្រើន គឺយើងប្រជុំផ្លាស់ប្តូរវេនគ្នា ហើយបទពិសោធន៍នៃប្រទេសនីមួយៗខុសគ្នា ពោលយើងជួបប្រជុំគ្នា យើងយកបទពិសោធន៍ពីប្រទេសគេ។ ឧទាហរណ៍ថា បើយើងមានបញ្ហា «ក» ប្រទេសមួយទៀតបង្ហាញបញ្ហា «ខ» យើងទទួលបានបទពិសោធន៍។
លោកបន្តថា «ជាក់ស្តែងដូចប្រទេសឥណ្ឌូនេស៉ី ហ្វីលីពីន ជួបគ្រោះមហន្តរាយច្រើន និងគ្រោះរញ្ជួយដី ភ្នំភ្លើង យើងអត់មានទេ ប៉ុន្តែប្រធានបទរបស់គេ ដែលគេដោះស្រាយបញ្ហារបស់គេ គេយកមកបង្ហាយើង យើងត្រូវរៀនសូត្រពីអ្វី ដែលយើងអត់មាន។ ថ្ងៃនេះយើងអត់មា ន តែថ្ងៃក្រោយយើងអាចមាន នេះជាបញ្ហាដែលធ្វើឲ្យយើងជួបជុំគ្នានៅថ្ងៃនេះ»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ ពិភពលោកមានផលប៉ះពាល់ ដូចជាគ្រោះមហន្តរាយផ្សេងៗ ដែលគេមិនអាចដឹងទុកជាមុន ដូច្នេះការជួបជុំគ្នាថ្ងៃនេះ ក៏ជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងចំណងមិត្តភាព នៃបណ្តាប្រទេសផ្សេងៗ ក្នុងអាស៊ាន និងការផ្លាស់ប្តូរបទពិសោធន៍យោធាវ័យក្មេង។ លោកបានរំលឹកពីប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងថា ការបណ្តុះបណ្តាលយុវជនវ័យក្មេង គឺជាការសាបព្រោះចំណេះដឹង ដល់អ្នកជំនាន់ក្រោយ ក្នុងវិស័យយោធា។
លោក ព្រុំ សាថារ័ត្ន បានសង្ឃឹមទុក និងជឿជាក់ថា លទ្ធផលនៃសន្និសីទ មេបញ្ជាការសុខាភិបាលយោធា អាស៊ានលើកទី៩ ក្រោមមូលបទស្តីពី «ផលបះពាល់ និង ប្រសិទ្ធភាព នៃការឆ្លើយតបចំពោះគ្រោះមហន្តរាយក្នុងវេជ្ជសាស្រ្តយោធា» នឹងធ្វើបានលទ្ធផលល្អប្រសើរ។ លោកបញ្ជាក់ថា «ខ្ញុំរំពឹង និងជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងទទួលបានលទ្ធផលប្រសើរជាមិនខាន»៕