(ភ្នំពេញ)៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបួងសួងឲ្យប្រជាជនកម្ពុជា ដែលកើតជំងឺគ្រុនឈាមទាំងអស់ សូមឆាប់ជាសះស្បើយ និងសូមកុំឲ្យជំងឺនេះរាតត្បាតបន្ដទៀត។
តាមរយៈវីដេអូប្រមាណជាង១នាទី លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា «ឆ្នាំនេះចូលរដូវវស្សាហើយ អ្នកកើតជំងឺគ្រុនឈាម កើនឡើងយ៉ាងខ្លាំងនៅកម្ពុជា នៅប្រទេសជប៉ុនវិញ សត្វមូសមានតែអំឡុងរដូវក្ដៅ ចាប់ពីខែកក្កដា ដល់ខែកញ្ញាប៉ុណ្ណោះ ដូច្នេះគ្មានជំងឺគ្រុនឈាមទេ។ ដោយសារតែកម្ពុជា មានអាកាសធាតុក្ដៅហើយសើម នាំឲ្យមានមូសច្រើន ជាពិសេសមូសខ្លា...ប្រជាជនកម្ពុជាប្រាកដជាដឹងពីរបៀបការពារកុំឲ្យមូសខាំ។ បើលោក-លោកស្រី ដឹងពីវិធីការពារទាំងនោះ តាមបែបប្រពៃណី ឬធម្មជាតិ សូមជួយណែនាំខ្ញុំផង។ ខ្ញុំសូមបួងសួង សូមឲ្យអ្នកជំងឺគ្រុនឈាមទាំងអស់ឆាប់ជាសះស្បើយ និងសូមកុំឲ្យជំងឺរាតត្បាលបន្ដទៀត»។
សូមជម្រាបថា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ធ្លាប់បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដើមឆ្នាំមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួន១ម៉ឺន២ពាន់ករណី និងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់៕