(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះបានប្រគល់ផ្ទះ១០ខ្នង ដែលជាអំណោយថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនអតីតយុទ្ធជន នៅភូមិពើងព្រះគោ ឃុំឈានមុខ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុងជាច្រើនរូបទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនគ្រប់ៗ រូប ហើយលោកក៏បានសម្តែងនូវការកោតសរសើរ ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង បានយ៉ាងល្អប្រសើរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន គឺមានការគិតគូរណាស់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនគ្រប់បែបយ៉ាង ជាមួយគ្នានោះ លោកក៏បានប្រគល់ផ្ទះ និងសម្ភារៈជាច្រើនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវាពខ្វះខាតផងដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានលើកឡើងដែរថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដំណើការទៅបានអាស្រយ័ដោយមានគោលការណ៍ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា។
លោក ច័ន្ទ សុភក្ត្រ័ា បានបន្តថា ជាមួយគ្នានោះក៏មានការដឹកនាំដោយផ្ទាល់ពី សំណាក់លោក អ៊ុន ចាន់ដា ដែលបានឧបត្ថម្ភទាំងស្មារតី និងសម្ភារៈជាច្រើនកន្លងមកផងដែរ។ ទន្ទឹមនឹងនោះ យើងបានសហការយ៉ាងល្អប្រសើរ ក្នុងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ជាមួយអជ្ញាធរមូលដ្ឋានគ្រប់ស្ថាប័ន ធ្វើឱ្យសមាគមអតីតយុទ្ធកម្ពុជា ខេត្តព្រះវិហារ សម្រេចបានជោគជយ័គួរជាទីមោទនៈផងដែរ៕